ព័ត៌មានជាតិ

លោកឧកញ៉ា អ៊ឹង វណ្ណ ម៉ៅ ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ នាំយកអំណោយមាន អង្ករ ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងជួរមុខ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារតាមបន្ទាត់ព្រំដែន ខណៈ ស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃ មិនទាន់មានភាពធូរស្រាល សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧកញ៉ា អ៉ឹង វណ្ណ ម៉ៅ ប្រធានស​ភាពាណិជ្ជកម្ម ខេត្ត ព្រមទាំងក្រុមការងារបាននាំយកអំណោយមាន អង្ករ ទឹក​សុទ្ធ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងទាំង៣រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមា​នជ័យ

ក្នុងឱកាស​នោះលោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ក៏បានសំណេះសំណាល សួរសុខទុក្ខកងទ័ព និងបាន​ថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេល​វេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារជាតិមាតុភូមិ ពីការ​ឈ្លានពានពី​សត្រូវដែ​លចង់​បា​នទឹកដីកម្ពុជា ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជាថៃនៅតែបន្តអូសបន្លាយ។

ប្រធាន​សភា ពាណិជ្ជកម្មខេត្ត ក៏បានធ្វេីការជូនពរដល់កងកម្លាំងទាំងអស់ ដែលកំ​ពុងបំពេញ​បេសក​កម្ម​តាមបន្ទាត់ព្រំដែន ជាពិសេស​កងកម្លាំង​ដែលឈរជើ​ងតាមព្រំដែនក្នុងភូ​មិសាស្រ្តខេត្តប​ន្ទាយមានជ័យ សូមមានសុខភាពល្អ ឈ្នះអស់មារ​សត្រូវទាំងឡា​យដែលចង់​បានទឹកដីក​ម្ពុជានៃយើ​ង

ជាមួយគ្នានេះកងកម្លាំងទាំងបីស្ថាប័ន ក៏បានថ្លែងអំណរគុ​ណទៅដល់សភាពា​ណិជ្ជកម្មខេត្តបន្ទាយ​មានជ័យ ដែលបានលះបង់ថវិកា ផ្ដល់នូវស្បៀង ជូនដល់កងទ័ពដែលកំពុងតែ ការពារ បូរណភាព​ទឹកដីនៅ​តាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដោយការចូ​លរួមចំណែ​កនេះបានធ្វើឱ្យពួកគាត់កាន់តែទទួលបានភាពកក់ក្តៅ និងប្ដេជ្ញាការ​ពារថែរក្សាបូរ​ណភាពទឹក​ដីមិនឱ្យសត្រូវឈ្លានពាន ទឹកដីកម្ពុជាបានឡើយ។

ចំពោះអំណោ​យ និងសម្ភារៈដែលផ្តល់ជូនកងកម្លាំងរួមមាន ៖ ១ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ១តោនកន្លះ, ទឹក​ត្រី២០យួរ, ទឹកស៊ីអ៉ីវ២០យួរ, បារី១ប៊ិច, ទឹកសុទ្ធ១៥០យួរ រួមនឹងថវិកាមួយចំនួន, បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្ត អង្ករ១តោន, ទឹកសុទ្ធ១០០យួរ, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ី​វ​២០យួរ
ថវិកាមួយចំនួន,យោ​ធភូមិភាគទី៥ ទីបញ្ជា​ការទិសទី១ អង្ករ២តោន, ​ទឹកសុទ្ធ២០០យួរ, ទឹក​ត្រី៣០​យួរ, ទឹកស៊ីអ៊ី​វ៣០យួរ, បារីមួយប៊ិច,ធូបមូស១កេសធំ រួមនឹងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published.