ប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ហ៊ុន ណេង ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ
ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២ បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦ និង២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ នៅភូមិគ្រិះឯកឧត្តម ហ៊ុន ណេង ទីរួមខេត្តកំពង់ចាម។
ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេកនេះ ប្រតិភូខេត្តកណ្តាល សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សូមឱ្យបានយោនយោគនិងចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕