ប្រជាពលរដ្ឋវ័យចាស់ និងមានជីវភាពខ្វះខាតនៅក្រុងប៉ោយប៉ែត ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងឱកាស សំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់ (អាយុ៨០ឆ្នាំឡើង)ចំនួន៤១៣នាក់ នៅចំណុចផែស្ងួត ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សារខេត្ត/ក្រុង ,អភិបាលខេត្ត/ក្រុង ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ពន្ធ័ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាជ្ញាធរ ត្រូវស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវិស័យអប់រំ ក្រោយពីជម្ងឺកូវីដ១៩ បានថមថយ។
ក្នុងនោះឯកឧត្តមក៏បានជម្រុញឲ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវជម្រុញដល់ពលរដ្ឋឲ្យបង្កើនការធ្វើដំណាំកសិកម្ម និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពពលរដ្ឋផងដែរ។ ចំពោះសមត្ថកិច្ចជំនាញត្រូវពង្រឹងការងារសន្តិសុខ និងត្រូវបង្ក្រាបរាល់បទល្មើសជួញដូរគ្រឿងញៀន ព្រោះមួយរយ:ចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការកើនឡើង ពិសេសជាងនេះត្រូវទប់ស្កាត់ឲ្យបានរាល់អំពើល្មើសច្បាប់ ឧក្រឹតកម្ម ដែលនាំឲ្យចលាចលផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យផងដែរ។
ទន្ទឹមនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេច វិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិក្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាការសម្តចតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក និងផ្សារភ្ញាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេល។
នាឱកាសនោះដែរឯកឧត្តមក៏បានផ្តល់អំណោយជូនដល់លោកតា លោកយាយ ចំនួន៤១៣នាក់ក្នុងម្នាក់ៗទទួលបាន ភួយ ,អាវរងា ,ក្រម៉ា ,ប្រេងក្រឡា, ស្ក ស, ប៊ីចេង និងទឹកដោះគោ។បន្ទាប់ពីនេះឯកឧត្តមបានបន្តអញ្ជើញសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០០នាក់បន្ថែមទៀត នៅចំណុចអតីតភោជនីយដ្ឋានយាយញ៉ាញ់ ខាងក្រោយសាលាក្រុងប៉ោយប៉ែត ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ,មី , អាវរងា ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ភួយ ,ក្រម៉ា ,ប្រេងក្រឡា, ស្ក ស, ប៊ីចេង ,ទឹកដោះគោ និងថវិការផងដែរ៕