បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័យ:ជនសង្ស័យម្នាក់ឈ្មោះ សោ ហ៊ុល អាយុ៤២ឆ្នាំ ដែលជាប់ពាក់ព័ន្ធករណី ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួននិងដកហូតវត្ថុតាងកាំបិតប៉័ងតោ១ដើម និងកាំបិតកែច្នៃ១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំអំពីរឿងហេតុ។
លោកវររសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើង បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍តាមរយ:ទូរស័ព្ទថាមានករណីហិង្សាមួយកើតឡើង ដោយប្ដីវាយប្រពន្ធនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ភ្លាមនោះលោកបានចាត់តាំងកម្លាំងចុះទៅដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងតែម្តង។
នៅចំពោះមុខសមត្ថកិច្ចរៀបរាប់ថា រូបគេតែងតែយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ដើម្បីទិញគ្រឿងងញៀនមកប្រើប្រាស់ជាប្រចាំ ហើយប្រហែល៣ថ្ងៃមុន ដោយខ្លួនមកពីដើរលេង និងប្រើប្រាស់គ្រឿងញៀនរួច ពេលមកដល់ផ្ទះប្រពន្ធរបស់ខ្លួនមិនឲ្យចូលផ្ទះ ហើយព្រមទាំងទាមទារលែងលះគ្នាទៀតផង ដោយសារតែហេតុផលនេះហើយ ទើបនៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ពេលខ្លួនប្រើប្រាស់គ្រឿងងញៀនរួចខ្លួនក៏បានយកកាំបិតប៉័ងតោ១ដើម និងកាំបិតផ្គាក់១ដើម ចូលទៅក្នុងផ្ទះ ដើម្បីរករឿងប្រពន្ធ កូន ប៉ុនតែត្រូវកម្លាំងសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បី
ចាត់ការតាមនីតិវិធី៕