លោក អោម ចន្ថាអភិបាលរង ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម វិនិយោគ៣ឆ្នាំ រំកិលស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖លោក អោម ចន្ថាអភិបាលរង ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០២២ ២០២៤ នៅថ្នាក់ស្រុកអូរជ្រៅ ដោយមានការអញ្ជើញចូលរួម ពីសមាជិកសមាជិកា លោក លោកស្រីមន្ត្រីពាក់ព័ន្ធ មន្ទីរអង្គភាព មន្ត្រីថ្នាក់ឃុំនិងអង្កការក្រៅរដ្ឋាភិបាល ក្នុងនោះក៏មានការសម្របសម្រួល ដោយមន្ទីរផែនការខេត្តផងដែរ។
លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ បានមានប្រសាសន៍ថា សិក្ខាសាលានៅថ្នាក់ស្រុកនាពេលនេះគឺជាដំណើរការ ដែលរៀបចំឡើងដើម្បីគាំទ្រគម្រោងសកម្មភាពអភិវឌ្ឍន៍ ដែលបានស្នើឡើងឲ្យស៊ីសង្វាក់គ្នាទៅនឹង គោលនយោបាយយុទ្ធសាស្ត្រ សកម្មភាពនានារបស់មន្ទីរជំនាញ នឹងបណ្ដាអង្គភាពជាតិ-អន្តរជាតិ តាមរយៈការចូលរួមពិភាក្សា ចចាររវាងមន្ទីរជំនាញនិងអង្គការនានា ដែលមានទំនាក់ទំនងគ្នា ដើម្បីប្រមូលធនធានសម្រាប់ការអភិវឌ្ឍន៍ស្រុកនិងឃុំ។
រយៈកាលកន្លងមកនេះរដ្ឋបាលស្រុកបានខិតខំស្វះស្វែង កៀរគរប្រមូលធនធានដោយសម្រេចបានការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍធនធានមនុស្ស ការកែលម្អបរិស្ថាន អនាម័យ ពង្រឹងសន្តិសុខសាធារណៈទូទៅ ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខុដុម ព្រមទាំងបានចូលរួមកិច្ចអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើនផងដែ។
ជាមួយគ្នានោះដែរលោក អោម ចន្ថា អភិបាលរង ខេត្តបានថ្លែងអគុណនិងកោតសរសើរចំពោះ រដ្ឋបាលស្រុកឃុំ អង្គការជាតិ អន្តរជាតិ រយៈកន្លងមកបានយកអស់ស្មារតី កម្លាំងកាយចិត្ត ចូលរួមគាំទ្រគម្រោងសកម្មភាពរបស់ឃុំស្រុក បានសហការជាមួយមន្ទីរជំនាញ អង្គការនានាដែលមានទំនាក់ទំនងគ្នាបានល្អ ពិសេសប្រមូលផ្ដុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍ និងបង្កើនសក្កានុពលធនធាន សម្រាប់ការអភិវឌ្ឍភូមិឃុំស្រុក លើហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនឡើង។
ទន្ទឹមនោះដែរលោក អោម ចន្ថា ក៏បានធ្វើការផ្តាំផ្ញើដល់រដ្ឋបាលស្រុក ឃុំ ត្រូវរៀបចំកញ្ចប់កម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤ ជំរុញការអនុវត្តនិងតាមដានសកម្មភាព ដែលបានឆ្លើយតបតាមរយៈកិច្ចព្រមព្រៀងរវាងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ ដើម្បីធានាឲ្យបាននូវការអនុវត្តន៍ទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាព ដើម្បីឲ្យសមារណកម្មវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤ ប្រព្រឹត្តទៅដោយរលូន៕