ឯកឧត្ដម សុខ លូ ដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ ចំពោះជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង
ខេត្តបាត់ដំបង:ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពីការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ចំពោះជនអនាថានានា នៅក្នុងភូមិសាស្រ្ដ ក្រុងបាត់ដំបង។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះមានជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថាមានច្រើននៅក្នុងក្រុងបាត់ដំបង ដូច្នេះដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសោភ័ណភាពក្នុងក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយ និងទាក់ទាញ គឺត្រូវរៀបចំធ្វើយ៉ាងបំបាត់កុំឱ្យមានជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា នៅតាមទីសារធាណៈ គឺត្រូវរៀបចំឱ្យពួកគាត់បានទទួលការស្នាក់នៅ ការហូបចុក ការថែទាំសុខភាព ការព្យាបាលជម្ងឺ និង ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលស្តានីតិសម្បទារបស់រដ្ឋ ក៏ដូចជាមណ្ឌលស្តានីតិសម្បទារបស់អង្គការដៃគួរនានានៅក្នុងខេត្ត ។
ក្នុងនោះផងដែរ ឯកឧត្តម ក៏បានប្ដេជ្ញាធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់ទីសារធាណៈឱ្យបានល្អប្រសើរ និងនាំយកជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ចេញឱ្យអស់ពីទីសាធារណៈ នៅក្នុងក្រុងបាត់ដំបង ហើយ ឯកឧត្តម ក៏សំណូមពរ ឱ្យមានការចូលរួម និងគាំទ្រពីបងប្អូនប្រជាពលរដ្ឋ សប្បុរសជន និងអង្គការពាក់ព័ន្ធនានានៅក្នុងខេត្តបាត់ដំបងផងដែរ៕