អភិបាលខេត្តបាត់ដំបង នាំយកម៉ាស់ និងអាល់កុល ផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាចំនួន០៨ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង:ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកម៉ាស់ចំនួន៨០០០បន្ទះ និងអាលកុលចំនួន ៩៦ដប ចុះផ្តល់ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាចំនួន០៨ នៅក្នុងក្រុងបាត់ដំបងសម្រាប់ប្រើប្រាស់ការពារ បង្ការទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើម (ជម្ងឺឆ្លងកូវីដ-១៩ )។
សាលាដែលត្រូវទទួលបាន ម៉ាស់ អាល់កុលមាន
១- សាលាបឋមសិក្សា វត្តកំផែង
២- សាលាបឋមសិក្សា អូរតាគាំ
៣- សាលាបឋមសិក្សាអូរតាគាំ
៤- សាលាបឋមសិក្សា ហ៊ុន សែន អូរចារ
៥-សាលាបឋមសិក្សាពោធិ៍វង្ស
៦- សាលាបឋមសិក្សាមិត្រភាព
៧- សាលាបឋមសិក្សាថ្កូវ
៨- សាលាបឋមសិក្សាវត្តលៀប ដែលក្នុងមួយសាលាៗ ទទួលបាននូវម៉ាស់ចំនួន១០០០ម៉ាស់ និងអាល់កុលលាងដៃ១២ដប។
នាឱកាសនោះដែរ ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ការចុះចែកម៉ាស់ អាល់កុលនាពេលនេះ ស្របពេលដែលប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង បាននិងកំពុងបន្តចូលរួមការពារ បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងជម្ងឺឆ្លងកូវីដ-១៩ ដោយបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល តាមការណែនាំរបស់អាជ្ញាធរ និងក្រុមគ្រូពេទ្យ និងតាមយន្តការចត្តាឡីស័ក ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ។
ដោយបច្ចុប្បន្នការរីករាលដាល នៃជម្ងឺកូវីដ-១៩ (ជម្ងឺរលាកផ្លូវដង្ហើម) នៅលើសកលលោក នៅតែមានកំណើនកើនឡើង ដែលជាហានិភ័យដល់ប្រជាជនទូទាំងពិភពលោក ដូចនេះក្នុងនាមរដ្ឋបាលខេត្ត ក៏នៅតែបន្តការចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដនេះ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន និងសហគមន៍ ក្នុងខេត្តបាត់ដំបង ជាពិសេសសិស្សានុសិស្សដែលជាកុមារតូចៗកំពុងសិក្សានៅតាមបណ្តាសាលាបឋមសិក្សានានា ដោយយើងត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ជាទីបំផុត ព្រោះពួកគេនៅតូចៗ ខ្វះការប្រុងប្រយ័ត្ន បើពុំមានការជំរុញពីមាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទេនោះពួកគេនឹងប្រឈមនូវការឆ្លងជម្ងឺកូវីដ១៩ នេះមុនគេ ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតា បិតា និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះជម្ងឺកូវីដ-១៩នេះ មិនទាន់រលត់សាបរលាបនៅឡើយទេ ដោយវានៅតែបន្តយាយីយើងជាប់ជានិច្ច ជាពិសេសអ្នកដែលខ្វះការប្រុងប្រយ័ត្នអនាម័យ ដូចនេះសូមប្រជាពលរដ្ឋឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាកុល ចូលរួមពាក់ម៉ាស់ពេលដែលចេញទៅក្រៅ កាត់បន្ថយការជួបជុំគ្នា ហើយត្រូវប្រញាប់ពិភាក្សាជាមួយគ្រូពេទ្យជំនាញភ្លាមៗបើសិនជា មានអាការៈមិនស្រួល ដែលសង្ស័យថាខ្លួនកើតនូវជំងឺនេះ៕