កាំកុងត្រូលខេត្តកំពង់ស្ពឺ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាព ម្ហូបអាហារ ជូនសិស្ស នៅសាលាបឋមសិក្សារលាំងឈូក
ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្ម គណៈគ្រប់គ្រងសាលា និងអាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅសាលាបឋមសិក្សារលាំងឈូក ស្ថិតក្នុងភូមិថ្មី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះក៏មានការចូលរួមពី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជាង៥០០នាក់ រួមទាំងមានការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន៥០០ផ្ទាំងផងដែរ។
មន្ត្រីជំនាញបានបញ្ជាក់ថា ជាប្រចាំក្រុមមន្ត្រីកាំកុងត្រូល តែងតែសហការចុះអប់រំដល់ក្រុមអាជីករលក់ដូរតាមផ្សារ ព្រមទាំងដកហូត ចំណីអាហារខូចគុណភាព ដើម្បីដុតបំផ្លាចចោលជាប្រចាំផងដែរ។
ការចុះអប់រំត្រូវបានធ្វើជាប់ជាប្រចាំដល់សិស្សតាមសាលា ដើម្បីការពារបញ្ហាប៉ះពាល់ ចំពោះសុខភាពកុមារ ក្នុងនោះឲ្យពួកគេបានយល់ដឹងកាន់តែប្រសើរ ចំពោះសុខភាពជាចម្បងឲ្យស្គាល់ពីគុណភាពចំណីអាហារដែលខូចគុណភាព៕