ផ្ទុះគ្រាប់បែកសល់ពី សម័យសង្គ្រាម បណ្តាលឲ្យស្លាប់ពីនាក់យាយ និងចៅ នៅស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ពីនាក់យាយ និងចៅ ស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីបានយកគ្រាប់បែកដែលសល់ពីសម័យសង្គ្រាម វាយកម្ទេចយកទៅលក់ឲ្យអេតចាយ ក៏ស្រាប់តែផ្ទុះតែម្តង។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះទិញលក់អេតចាយមួយកន្លែង ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចស្រុកស្វាយទាបបានឲ្យដឹងថា៖ជនរងគ្រោះពីនាក់យាយ និងចៅដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ឆ្នាំ និងឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាចៅ អ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ។
ពាក់ពន្ឋ័ករណីខាងលើនេះដែរសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ នៅឡើយទេ ដោយកម្លាំងកំពុងចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា៖ គ្រាប់បែកដែលផ្ទុះនោះនៅក្នុងកេះក្រោមជង្រុកស្រូវជនគ្រោះ មិនដឹងកាលណាមកទេតែយាយរើឃើញក៏យកមកដំក្នុងបំណងលក់អោយអេតចាយ ចំណែកចៅកំពុងតែយោលប្អូនលឺយាយដំពូកៗរត់មកមើលហើយក៏ផ្ទុះទូងបណ្តាលឲ្យស្លាប់ទាំងយាយទាំងចៅយ៉ាងអាណោយអាធម៌តែម្តង។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕