កិច្ចប្រជុំអំពីសំណើសុំគោលការណ៍ វិនិយោគអភិវឌ្ឍន៍ លំនៅស្ថានបែបទេសចរណ៍ ឆ្នេរព្រែក
ខេត្តកំពត៖នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំប្រាសាទព្រះវិហាររបស់សាលាខេត្តកំពត បានរៀបចំកិច្ចប្រជុំលើសំណើសុំគោលការណ៍អនុញ្ញាតវិនិយោគអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍តំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតរបស់ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ឹល កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ព្រមទាំងមន្ត្រីនៃមន្ទីរជំនាញ អភិបាលស្រុកទឹកឈូ នាយកទីចាត់ការអន្តរវិស័យ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា ក្រុមហ៊ុនTARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែ០១ទីតាំងប៉ុណ្ណោះដែលកំពុងដំណើរការ។
ថ្លែងក្នុងកិច្ចប្រជុំព្រឹកនេះ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានតម្រូវឱ្យក្រុមការងារថ្នាក់ខេត្តសហការជាមួយរដ្ឋបាលស្រុកទឹកឈូបន្តដោះស្រាយធ្វើយ៉ាងណាប្រកបដោយតម្លាភាព និងយុត្តិធម៌ ពិសេសបន្តដោះស្រាយការវិវាទនានារវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព៕