ឃាត់ខ្លួនជនជាតិឡាវម្នាក់ ពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀន៣គីឡូក្រាម នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖កម្លាំងជំនាញ«ក៩»នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងគ្រឿងញៀនខេត្តស្ទឹងត្រែង និងកម្លាំងBLO បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំមួយករណី ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៣ដុំធំ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ សា វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឡាវ ទីលំនៅកំណើតនិងបច្ចុប្បន្ន ភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ។ក្រោយពីបង្ក្រាបសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនICEចំនួន៣កញ្ចប់ធំ ប្រហែល៣គីឡូក្រាម ទូរស័ព្ទដៃ២គ្រឿងនិងអត្តសញ្ញាណប័ណ្ណ១។
បច្ចុប្បន្នជនសង្ស័យស្ថិតនៅក្រោមការសាកសួរនិងឃុំខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕