បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបើកវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ។ពិធីនេះបានធ្វើឡើងនៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីកាកបាទក្រហមខេត្ត សាកលវិទ្យាធិការ ប្រធានការិយាល័យសិក្សា និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសជាតិឡើងវិញ លើគ្រប់វិស័យក្នុងស្មារតីដោះស្រាយការលំបាក លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។
កាកបាទក្រហម បានបំផុសកម្លាំងមនុស្សធម៌ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួមជាមួយសមាគមជាតិ តាមរយៈយុទ្ធនាការរួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋនិងពង្រឹងភាពធន់ក្នុងសហគមន៍។
លោកស្រី សុខ លាភា បានបញ្ជាក់ថា គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជា រួមមាន៖ ១. ភាពមនុស្សធម៌ កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងគ្រោះ ងាយរងគ្រោះ មិនប្រកាន់ពូជសាសន៍ មិនបែងចែក ឬរើសអើង ២.មិនលំអៀង ជាភាពមិនបែងចែក រើសអើងសញ្ជាតិពូជសាសន៍ វណ្ណៈ ឬនិន្នាការនយោបាយឡើយ ៣. អព្យាក្រឹត្យភាព មិនចូលរួមក្នុងការវែកញែករកខុសត្រូវក្នុងបញ្ហានយោបាយ ជំនឿសាសនា ឬមនោគមវិជ្ជា ៤. ឯករាជ្យភាព ចលនាត្រូវតែឯករាជ្យទោះជាជំនួយការឲ្យរដ្ឋាភិបាលខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅក្រោមច្បាប់របស់ប្រទេសណាក៏ដោយ ក៏ជានិច្ចកាលត្រូវតែរក្សាស្វាយភាពរបស់ខ្លួន ៥. សេវាកម្មស្ម័គ្រចិត្ត គឺជាអង្គភាពសង្គ្រោះដោយស្ម័គ្រចិត្តដែលមិនមែនធ្វើសកម្មភាព ដោយសារតែចង់ជំនិញនោះឡើយ ៦. ឯកភាព សមាគមជាតិនោះ ត្រូវតែបើកចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្សធម៌ នៅទូទាំងប្រទេស និងទី៧ សាកលភាព ចលនាកាកបាទក្រហមមានការទទួលខុសត្រូវក្នុងការជួយគ្នាទៅវិញទៅមក គឺជាលក្ខណៈសកល។
គួរបញ្ជាក់ថា ក្នុងវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមនេះផងដែរ លោកស្រីមន្ត្រីសាខាកាកបាទក្រហមខេត្ត បានឡើងធ្វើបទបង្ហាញពីប្រវត្តិសង្ខេបរបស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដើម្បីបានយល់ជ្រាបដល់ក្រុមនិស្សិតសាកលវិទ្យាល័យជាតិមានជ័យ៕