ខេត្តបន្ទាយមានជ័យ៖អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវដឹងគឺការពារជីវិត អ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នេះគឺជាសារដ៏មានសារៈសំខាន់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈឲ្យបានយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
មន្ត្រីពាក់ព័ន្ធរួមមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបាន សហការជាមួយមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនកាកបាទក្រហមខេត្ត បានសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្តតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី។ បើតាមការសង្កេតឃើញថា អ្នកបើកបរម៉ូតូត្រូវបានការពារតិចជាងអ្នកបើកបររថយន្ត ឬនិយាយម្យ៉ាងទៀតថា ការបើកបរម៉ូតូងាយរងគ្រោះជាងអ្នកបើកបររថយន្តដូចនេះនៅក្នុងការប៉ះទង្គិចគ្នាផ្តល់ឱកាសរងរបួសឬស្លាប់ភាគច្រើនជាអ្នកបើក។
លោក ពុទ្ធញាណ ដារិទ្ធ ដែលជាប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងលោក គីមករា ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមនាពេលនេះ គឺក្នុងគោលបំណងឲ្យបងប្អូន តាមដងផ្លូវសាធារណៈ គោរពច្បាប់ថ្នាក់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវនិងបើកបរត្រូវចេះយោគយល់អធ្យាស្រ័យ ពិសេសបើកបរយានយន្តគ្រប់ប្រភេទដោយគ្មានជាតិស្រវឹង។ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទីការអត់ធ្មត់ចេះអធ្យាស្រ័យកាចាំឲ្យបានច្បាស់ថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជាអាយុជីវិតរបស់អ្នកដទៃ។ អស់រយៈពេលពេញមួយព្រឹក មន្ត្រីដែលបានធ្វើការចុះអប់រំផ្សព្វផ្សាយនេះយើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែពុំទាន់គោរពច្បាប់ចរាចរណ៍នោះឡើយ ពិសេសមិនពាក់មួកសុវត្ថិភាព ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្ដា ស្នងការរង ខេត្តក៏បានប្រគល់មួក សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕