ព័ត៌មានជាតិ

អគ្គនា​យកដ្ឋានបច្ចេកវិទ្យា​ឌីជីថល និងផ្សព្វផ្សា​យអប់រំ អង្គភា​ពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំ​នៃយុទ្ធ​សាស្រ្តបញ្ចកោណ! 

(ភ្នំពេញ)៖រាជរដ្ឋាភិបាល​នីតិកា​លទី៧ នៃរដ្ឋស​ភា ក្រោមការដឹក​នាំប្រកបភាពឈ្លាស​វៃរបស់​សម្ដេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋ​មន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត​អគ្គនាយ​កដ្ឋា​នបច្ចេកវិ​ទ្យា​ឌីជីថល និងផ្សព្វផ្សាយ​អប់រំ នៃក្រសួ​ងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីនេះ ត្រូវបាន​រាជរដ្ឋាភិ​បាល បង្កើតឡើងទន្ទឹម​គ្នានឹង​អគ្គនាយកដ្ឋាន​ធនធា​នមនុស្ស នៃក្រសួង​មហាផ្ទៃ ក្នុងគោ​លដៅឆ្លើយ​តប​យុទ្ធសាស្រ្តបញ្ចកោ​ណ ត្រង់មុំ​ ធន​ធានមនុស្ស ​និងបច្ចេកវិទ្យាឌីជីថល។ នេះបើ​តាមលោ​កបណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ។

យោ​ងតាមអនុក្រឹត្យលេខ២៧៩ ​អនក្រ.បក ចុះថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២៣ ដោយ​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែ​ត អ្នកនាំ​ពាក្យរងក្រ​សួងមហា​ផ្ទៃ បាន​ឱ្យដឹងថា អគ្គនាយ​កដ្ឋានបច្ចេក​វិទ្យាឌីជីថ​ល និងផ្សព្វផ្សាយអ​ប់រំ ត្រូវ​បានបង្កើត​ឡើងដោ​យមាន​ការផ្ទេរនា​យកដ្ឋានពីអង្គភាពផ្សេង ចំនួន ២ មកជា​ចំណុះ រួមមា​ន៖ នាយកដ្ឋា​នព័ត៌មានវិទ្យា​ពីអគ្គលេ​ខាធិការដ្ឋាន​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានី​យ៍វិទ្យុនិងទូរទស្សន៍ម​ហាផ្ទៃ ពីអគ្គនាយ​កដ្ឋានភស្តុភា​រ និងហិរញ្ញវត្ថុ។

បើតាម​លោកបណ្ឌិត ទូច សុឃៈ អនុក្រឹត្យដ​ដែលបានកំណត់​ទៀតថា អគ្គនាយកដ្ឋានប​ច្ចេកវិទ្យា​ឌីជីថល និងផ្សព្វផ្សា​យអប់រំ មានរច​នាសម្ព័ន្ធ ចំនួន ៧ រួមមាន៖ ១. ​នាយកដ្ឋានរដ្ឋបាលសរុប ២. នាយក​ដ្ឋានបណ្តុះ​បណ្តាល និងអ​ភិបាលកិច្ច​បច្ចេកវិទ្យា​ឌីជីថល ៣. នាយ​កដ្ឋានអភិវឌ្ឍកម្មវិធី និងន​វានុវត្តន៍​ឌីជីថល ៤. នាយក​ដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិ​ទ្យាគមនា​គមន៍ និងព័ត៌មាន ៥. នាយ​កដ្ឋានសន្តិសុ​ខសាយប័រ ៦. នា​យកដ្ឋានផ្សព្វផ្សា​យអប់រំ ៧. ស្ថា​នីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនា​យកដ្ឋាន)។ 

តួនាទី ​និងភារកិច្ចអគ្គនា​យកដ្ឋានបច្ចេកវិទ្យា​ឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានកំណត់​ក្នុងអនុក្រឹ​ត្យ​លេខ៣០៣ អនក្រ.​បក ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ ផ្អែកតាមអនុក្រឹត្យ អគ្គនាយកដ្ឋាននេះ មានតួ​នាទីភារកិច្ចធ្វើជា​សេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួល​គោល​នយោបាយ អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព បច្ចេកវិទ្យាឌីជីថល ការងារបណ្តុះ​បណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និងផ្សព្វផ្សាយអប់រំពាក់ព័ន្ធវិស័យបច្ចេកវិទ្យាឌីជីថល។ តួនាទីភា​រកិច្ច​លម្អិត សូមស្វែងយល់អនុក្រឹត្យលេខ៣០៣។

គួរបញ្ជាក់​ថា ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ហោ សំអាត អតីតអគ្គលេខាធិការរង នៃអគ្គលេខាធិកា​រដ្ឋានក្រសួងម​ហាផ្ទៃ និងជាអតីតប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ត្រូវបា​នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់សេចក្ដីទុកចិត្ត​ទូលថ្វាយព្រះមហា​ក្សត្រ ចេញព្រះ​រាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌី​ជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ មានអគ្គ​នាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល សរុបចំនួន ១៥៕

Leave a Reply

Your email address will not be published.