ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ បានណែនាំឱ្យមណ្ឌលសុខ​ភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបា​ល​ ឱ្យ​ត្រូវ​តាម​ស្តង់​ដារ​ដោយ​មិន​អាច​ខ្វះខាត​បាន

ខេត្តកំពង់ចាម​៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគ​ណៈអភិបាលខេត្តកំពង់ចាម ​បានណែនាំ​ដល់​មន្ទីរ​សុខាភិបា​ល​នៃ​រដ្ឋបាល​ខេត្ត​ ត្រូវ​រៀបចំ​ធ្វើយ៉ាង​ណា​ឱ្យ​មណ្ឌល​សុខភាព​ពាម​កោះស្នា​ ត្រូវ​មាន​បុគ្គលិ​ក​បម្រើ​​សេវា​សុខាភិ​បាល​ ឱ្យ​ត្រូវ​តាម​ស្តង់​ដារ​ដោយ​មិន​អាច​ខ្វះខាត​បាន​ ដើម្បី​ធានា​ថា​ មណ្ឌល​សុខភាព​បាន​ផ្តល់​សេវា​ប្រក​បដោយ​គុណ​ភាព​ និង​ទាន់ពេ​លវេលា​ជូន​ប្រជាពលរដ្ឋ​ ។ ការ​ថ្លែងបែ​បនេះ​ក្នុងឱកាស​ចុះពិនិត្យវឌ្ឍន​ភាពនៃការសា​ងសង់មណ្ឌលសុខភាព​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់​ នាព្រឹក​ថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២៥​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវរួម​សហការ​គ្នា​ ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​​ពិធី​កាត់​ខ្សែបូ​ សម្ពោធ​នូវ​អគា​រថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខ​ភាព​ពាមកោះស្នា​ ពោលគឺ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យកម្មវិធីខាង​លើនេះប្រព្រឹត្តទៅ​ដោយរ​លូន​ ធានាបាននូ​វសន្តិសុខសណ្តា​ប់ធ្នាប់ ដោយមណ្ឌលសុខភាព​ពាម​កោះស្នា​នេះ​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្នុង​អំឡុង​ចុង​ខែ​មិនា​ ២០២៥​ ឆាប់ៗខា​ងមុខនេះ​ ។

ជាមួយ​គ្នានោះ​ ឯកឧត្តមអភិ​បាលខេត្ត​ បានណែនាំដ​ល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវប​ន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិ​បាលនៅគ្រប់មូលដ្ឋាន​ សំដៅលើកកម្ពស់សុ​ខុមាលភាពសង្គម និងកា​រលើកកម្ពស់ការផ្តល់សេវា​ប្រកបដោយប្រសិទ្ធភាព ពោលគឺ​ត្រូវ​ខិតខំប្រឹង​ប្រែងបម្រើសេវា​ថែទាំសុខភា​ព​ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយក​ចិត្តទុកដាក់ផងដែរ​ ។

បើតាម​ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភី រុណ​ ប្រធាន​មន្ទីរ​សុខាភិបា​ល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ឱ្យដឹងថា​ អគារ​ថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខភាព​ពាមកោះស្នា​នេះ​ ជា​អំណោយ​របស់​លោកជំ​ទាវ លាង រួចឆេង ហ៊ុនណេង​ ព្រម​ទាំងបុត្រ​ និងចៅ​ ដោយមា​នចំនួន​ ៨បន្ទប់​ ក្នុងនោះ​មាន​ បន្ទប់​ទឹក​ និង​បង្គន់​អ​នាម័យ​ចំនួន​​ ៥បន្ទប់​ និង​បន្ទប់​ដា​ច់ដោយឡែក​ចំនួន​ ២បន្ទប់​ តូប​លំហែ​កាយ​ចំនួន​ ១​ រោង​ដាក់​រថយន្ត​ និង​ម៉ូតូ​ ១​កន្លែង​ និង​ឃ្លាំង​ដាក់​សម្ភារៈ​ ១​បន្ទប់​ ដែល​បាន​សាងសង់​រួចរាល់​ជាស្ថាពរ​ក្នុង​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២៤​ កន្លងទៅ​នេះ​ ៕

Leave a Reply

Your email address will not be published.