(បន្ទាយមានជ័យ) ករណីឃាតកម្មដែលបង្កឡើងដោយជនជាតិថៃបាញ់ជនជាតិថៃដូចគ្នាជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់វេលាម៉ោង២១ និង៤៥នាទីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវច័ន្ទគ្រឹះស្នា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងរបស់ធ្ងន់ម្នាក់ នៅពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៏បានបាត់បង់ជីវិត រីឯឃាតករបានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានបានឱ្យដឹងថា ករណីខាងលើបង្ករឡើងដោយជនសង្ស័យចំនួន០៣នាក់ ជាជនជាតិថៃ ពុំស្គាល់អត្តសញ្ញាណជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាZoomer X ពណ៌ខ្មៅ
បានប្រើកាំភ្លេីងចំនួន០២ដេីម បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ និងបានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បានគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះKHOMSAN TIWATO ភេទប្រុស កើតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៦(អាយុ ៣៨ឆ្នាំ) ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAD១៣១៧៥២១។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១ និង១៧នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មាការត្រួតពិនិត្យសាកសព ពិនិត្យឃើញថា សាកសពបានរងរបួសដោយគ្រាប់កាំភ្លើងសរុបចំនួនស្នាមគ្រាប់ចូល១០គ្រាប់ និងស្នាមគ្រាប់ចេញចំនួន០៥គ្រាប់ និងគ្រាប់បៀមក្នុងសាច់ចំនួន០១គ្រាប់។
តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសព និងយោងតាមការត្រួតពិនិត្យកន្លែងកើតហេតុនិងមានបញ្ជាក់ពីលោក ព្រំ គឹមហៀង គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងយោងតាមការបំភ្លឺពីសាក្សីអាចសន្និដ្ឋានបានថាសាកសពស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងរបួសដងខ្លួន និងអវយវៈធ្ងន់ធ្ងរ។
បច្ចុប្បន្នសាកសពបានបញ្ជូនទីនាយកដ្ឋានត្រួតពិនិត្យ និងកោសល្យវិច័យរាជធានីភ្នំពេញ។ចំណែកឃាតករ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់៕