(ប៉ៃលិន) ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបានបន្តចុះពិនិត្យការប្រមូលផលមៀនប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម បាននឹងកំពុងយកចិត្តទុកដាក់លើការស្វះស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផលផ្លែមៀនស្រស់។
ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចទទួលយកបាន មាន អនាម័យល្អសមរម្យ មានគុណភាព តាមស្តង់ដាល្អ។
ម្ចាស់ចម្ការនីមួយៗ ដែលរោងចក្រអាចទទួលទិញយក ទាល់តែកសិករបានដាក់ពាក្យស្នើសុំទៅអគ្គនាយកដ្ឋានជំនាញ នៃក្រសួងកសិកម្មឱ្យបានត្រឹមត្រូវ តាមបច្ចេក ទេស ដោយគ្មានសារធាតុគីមីពុល។ បើចម្ការមៀនណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដាទេ គឺរោងចក្រ ឬក្រុមហ៊ុន មិនប្រមូលទិញទេ ព្រោះត្រូវមានការឆ្លងកាត់ត្រួតពិនិត្យពីក្រសួងជំនាញជាមុនសិន។
ហើយការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះ ស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រានៃការអនុវត្តផលិតកម្មទៅតាមស្តង់ដាមួយ ដែលហៅថា ការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា, កសិករដាំដុះមៀនប៉ៃលិន ចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផល ចំនួន៤១២០ហិកតា ដែលបរិមាណប្រមូលផល បានចំនួន៦១៨០០តោន។ ដោយ ឡែក ការចុះប្រមូលទិន្នន័យ ការនាំចេញផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ទទួលបានលទ្ធផលដូចខាងក្រោម៖ នាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានចំនួន១ ៥២១ តោន។ បើគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ ត្រូវបាននាំចេញសរុបចំនួន១២ពាន់៤៧០តោន៕