(បន្ទាយមានជ័យ) សំណាងហើយមិនមានអ្នកបាត់បង់ជីវិត និងមិនប៉ះពាល់ដល់អ្នកដ៏ទៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ពោលគឺរថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងបានរេចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យមនុស្សប្រុសស្រីបួននាក់រងរបួសធ្ងន់និងស្រាលត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៤ ត្រង់ចំណុចក្បែរវត្តខ្មែរពុទ្ធភូមិ ជាយដែនសីម៉ារាម ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទ camry ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AH-4325 ទាំងតៃកុងនិងអ្នករួមដំណើរសរុបចំនួនបួននាក់ បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ប្រឡាយ បណ្ដាលឱ្យមនុស្សចំនួន ៣នាក់បានរករបួសស្រាលនិងម្នាក់ទៀតជាស្ត្រីរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះជួយអន្តរាគមន៍ដោយយករថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕