ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹង​កិច្ចសហ​ប្រតិបត្តិកា​រក្នុងវិស័​យ​ពាក់ព័ន្ធឱ្យ​កាន់​តែរឹងមាំ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដី​សង្ឃឹមយ៉ាង​មុត​មាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរ នឹងស​ម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ការសន្យា និងការបង្ហាញក្ដីសង្ឃឹម​ដ៏ជឿជាក់​នេះ បានធ្វើឡើងនា​រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២​០២៤ ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត​ ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ អនុញ្ញាត​ឱ្យ​លោកជំទាវ Flerida Ann Camille P​. Mayo ឯក​អគ្គរដ្ឋទូត​ហ្វីលីពីនថ្មី ប្រចាំព្រះរា​ជាណា​ចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម​ នៅទីស្ដីកា​រក្រសួងមហាផ្ទៃ។

ក្នុងជំនួ​បនោះដែរ ឯកឧត្ដមអភិ​សន្តិបណ្ឌិត ​ស សុខា បាន​សម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវ ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីន ប្រចាំកម្ពុជា ​ព្រមសហ​ការី​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញម​កជួបសម្ដែង​ការគួរសម ​នាពេលនេះ។ ឯកឧត្តម ក៏បានសម្ដែងនូ​វការកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានខិ​តខំយកចិត្តទុ​កដាក់យ៉ាងស​កម្មក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ ចូលរួមពង្រឹង និងពង្រីកទំនា​ក់ទំនងការទូត​រវាងប្រទេស​កម្ពុជា និងហ្វីលី​ពីន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម​អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរ​គុណចំពោះ​លោកជំទាវឯ​កអគ្គរដ្ឋទូត ដែលតែងតែ​យកចិត្តទុកដា​ក់ដល់កា​រលើកកម្ពស់​ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំង​ដើរតួនាទីយ៉ា​ងសកម្មក្នុងកា​រជំរុញលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិ​សេសកិច្ចសហប្រតិបត្តិការក្នុងវិស័​យសន្តិសុខ ពាណិជ្ជកម្ម វិនិ​យោគ និងទេសចរណ៍ រវាងកម្ពុជាហ្វី​លីពីន។

លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី បា​នសម្ដែងការកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំ​ពោះភាពរីកចម្រើនរប​ស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរ​បស់សម្ដេច​ធិបតីនាយករដ្ឋមន្រ្តី និង​ដោយឡែក សមិទ្ធផល​ការងារក្នុងវិស័យមហាផ្ទៃ ក្រោមការដឹកនាំ​​របស់ឯ​កឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា នារយៈ​​ពេលជាងមួយឆ្នាំមកនេះ​​។ លោកជំទាវ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ក៏បានកោ​តសរសើរ ដែលក្រសួងម​​ហាផ្ទៃ តែងតែឆ្លើយតបនូវរាល់​​សំណើ​របស់​ស្ថានទូតហ្វីលីពីនផងដែរ៕

Leave a Reply

Your email address will not be published.