(បន្ទាយមានជ័យ ) ៖លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី–មរណៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣–០៩ វិច្ឆិកា ២០២៤)។
ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ ធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរកសាងកម្លាំង លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ លោកប្រធានមន្ទីរភស្តុភារ លោកប្រធានមន្ទីរសម្ភារៈបច្ចេកទេស និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង០៩ ផងដែរ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី–មរណៈ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានលើកឡើងថា សន្តិភាព និងការអភិវឌ្ឍន៍ ដែលបានមកដល់សព្វថ្ងៃនេះ ក៏មានការចូលរួមចំណែកពីនាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថដែលបានចូលនិវត្តន៍ ពិកា និងពលីមរណ: ដើម្បីការពារជាតិមាតុភូមិ និងលះបង់គ្រប់បែបយ៉ាងផងដែរ។ ការលះបង់នេះហើយដែលនាំឱ្យប្រទេសជាតិយើង រួចផុតពីរបបដ៏ខ្មៅងងឹត ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាន។
លោកក៏បានបញ្ជាក់ទៀតថា ជាមួយនឹងការលះបង់របស់បងប្អូនយោធិន ដើម្បីជាតិមាតុភូមិ ក៏ទទួលបាននូវការតបស្នងពីថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ពិសេសនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខទុក្ខរបស់បងប្អូន ពិសេសគឺយោធិនបានចូលនិវត្តន៍ និងគ្រួសារយោធិនដែលបានពលី ដោយនៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។
សូមបញ្ជាក់ថា យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារយោធិនពលី–មរណៈ ដែលបានចូលរួមពិធីសំណេះសំណាល សរុបចំនួន ៩២នាក់ ក្នុងនោះយោធិននិវត្តន៍ ៥១នាក់, ពិការ ១៥នាក់, គ្រួសារយោធិនពលី–មរណៈ ២៦គ្រួសារ ។ ដោយក្នុងមួយគ្រួសា រ ទទួលបាន អង្ករ ២៥គីឡូក្រាម , មីមួយកេស ,ទឹកសុទ្ធ ២យួរ , ត្រីខ១យួរ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានឧបត្ថម្ភជាថវិកាបន្ថែមក្នុងម្នាក់ទទួលបាន២០ម៉ឺនរៀលផងដែរ៕