មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។
ក្នុងឱកាសពិនិត្យទីតាំងដ៏ពិសិដ្ឋនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ាង ស៊ីណេ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី អំពីទីតាំងភូមិសាស្រ្តជាក់ស្ដែង និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងត្រូវកំណត់ក្នុងគម្រោងប្លង់សង់អគាររដ្ឋបាល រួមទាំងអគារអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដូចជា៖ អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ផ្នែកសឹករងក្រុង និងសាខាកាកបាទក្រហមកម្ពុជាក្រុងជាដើម។
បញ្ចប់ការពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តដំណើរឆ្ពោះទៅកាន់សាលាខេត្តព្រះសីហនុ ដោយនៅទីនោះ ប្រមុខក្រសួងមហាផ្ទៃ បានចូលពិនិត្យស្ថានភាពអគាររដ្ឋបាលសាលាខេត្ត ដែលស្ថិតក្នុងអន្តរកាលនៃការសាងសង់ ព្រមទាំងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម រួមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារនៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ និងធានាថាមន្រ្តីទាំងនោះ នឹងមិនផ្ទេរចេញទៅវិញ៕