(បន្ទាយមានជ័យ) ស្របពេល នៃការប្រារព្ធពិធីប្រណាំងទូកបណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ក្នុងឱកាសអបអរសាទរនិង បានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ នាអាងជើងភ្នំដងរែក ស្ថិតនៅក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏បានធ្វើការរៀបចំប្រារព្ធពិធីប្រណាំងទូក ពេល ៣ថ្ងៃ ដូចនៅថ្នាក់ជាតិដែរ ។ដោយកម្មវិធីប្រណាំងទូកនេះ មានការឧបត្ថម្ភទាំងស្រុង ដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា តាមរយៈព្រះខេមញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល។
ព្រះអង្គបានមាន សង្ឃដីកាថា តំបន់ដែលការប្រណាំងទូកនេះ គឺជាតំបន់ព្រៃភ្នំ ដែលមានអាងមួយមានប្រវែងជាង ៧០០ម៉ែត្រ ស្ថិតនៅជើងឡើងភ្នំដងរែក និងជាតំបន់ទេសចរណ៍ធម្មជាតិគួរឲ្យមានការទាក់ទាញ ទាំងភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាក្នុងពេលកន្លងទៅនេះប្រហែលជាង ៥០០០នាក់។
ព្រះខេមញាណ រ៉េន សុីណាត បានបន្តថា នៅក្នុងពិធីប្រណាំងទូកនៅឯភ្នំដងរែកនេះគឺមានក្រុមកីឡាករអុំទូកចំនួន១៣ក្រុម ទាំងនោះមានក្រុមនារីចំនួនបីក្រុម។ អស់រយៈពេល ៣ថ្ងៃនៃការប្រកួតអុំទូក កីឡាករនីមួយៗ បានខិតខំយ៉ាងស្វិតស្វាញ ទាំងក្រុមកីឡាករបុរសនិងកីឡាករនារី ជាលទ្ធផលនៃការប្រកួតយកចំណាត់ថ្នាក់បានឲ្យដឹងថា ទូកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើទូកដែលមានឈ្មោះថា ប្រាសាទត្បែងសែនជ័យបារមីតាមាំង ចំណាត់ថ្នាក់លេខ២ បានទៅលើទូកដែលមានឈ្មោះថា ថ្មរមៀលសែនជ័យបារមីសាមគ្គី ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកដែលមានឈ្មោះថា កំលោះបន្ទាយមានជ័យបារមីស្រីស្អាត រីឯទូកនារីចំណាត់ថ្នាក់លេខ១ បានទៅលើទូកដែលមានឈ្មោះថាបារមីស្រះជ្រៃនារីមានរិទ្ធិ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកដែលមានឈ្មោះថា ធ្លកសែនជ័យបារមីតាខ្មៅ និងចំណាត់ថ្នាក់លេខ៣ បានទៅលើ ទូកមានឈ្មោះថាចំប៉ីដងរែក។ ក្នុងថ្ងៃនៃការបិទបញ្ចប់កម្មវិធីនេះផងដែរ ព្រះខេមញាណាណ រ៉េន ស៊ីណាត ព្រះអង្គបានធ្វើការជួបសំណេះសំណាល និងផ្តល់ជូននូវពានរង្វាន់ ដល់កីឡាករទូកបានទទួលបានជយលាភីតែជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភីដោយទូកផ្នែកបុរសលេខមួយទទួលបាន ពាន១ ថវិកាចំនួន ២លានរៀល លេខ២ ទទួលបានពានមួយ ថវិកាមួយលានរៀល លេខបី ទទួលបានពានមួយថវិកា៨០ម៉ឺនរៀល ផ្នែកនារីលេខមួយទទួលបានថវិកា ៥០ម៉ឺនរៀល លលេខពីរទទួលបានថវិការ៣០ម៉ឺនរៀលនិងលេខបី ទទួលបានថវិកា ២០ម៉ឺនរៀល រីឯក្រុមកីឡាករទូកពុំបានចំណាត់ថ្នាក់ទទួលបាន ២០ម៉ឺនរៀល កីឡាករ១៩៥នាក់ ទទួលបានអំណោយបន្ថែមម្នាក់ៗ ទទួលបានអង្ករ រួមជាមួយក្រុមគណៈកម្មការរៀបចំការប្រណាំងទូក និងកងកម្លាំងប្រជាការពារម្នាក់ៗ ទទួលបានអង្ករមួយកញ្ចប់និងថវិកាប្រាំម៉ឺនរៀល។ ចុងក្រោយព្រះតេជគុណ រ៉េន សុីណាត ព្រះអង្គបានសន្យាថា នៅឆ្នាំបន្តបន្ទាប់និងធ្វើ ការប្រណាំងទូក នាខាងជើងភ្នំដងរែកជាថ្មីម្ដងទៀត៕