ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី និងឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកឆន្ទ ផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានមហាសាមគ្គីមួយដើម្បីដង្ហែទៅវត្តប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសនៅ វត្តគិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ដែលនេះគឺជាកឋិន កូនពៅគេ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលកម្មវិធីបានរៀបចំទៅតាមប្រពៃណីនៃព្រះពុទ្ធសាសនា រួមមានពិធី ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី នមស្សកា ព្រះរតនត្រ័យ សមាទានសីល កូនចៅរៀបចំពិធីលើកត្រៃ ជូនអ្នកមានគុណ និមន្តព្រះសង្ឃចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនា។ បន្ទាប់មកក៏បានរៀបចំក្បួនដង្ហែអង្គកឋិនទាន មហាសាមគ្គីប្រទក្សិណជុំវិញ ព្រះវិហារបីជុំដើម្បី ប្រគេនដល់ព្រះសង្ឃ ជាទីបញ្ចប់នៃកម្មវិធីបុណ្យកឋិនទានសាមគ្គីនៃឆ្នាំ២០២៤។
ព្រះសមណ:ញាណ ណាប់ ម៉ឺន ព្រះបាឡាត់ គណខេត្ត និងជាព្រះគ្រូចៅអធិការវត្ត គិរីជុំចម្ការខ្នុរ ព្រះអង្គបានមានសង្ឃដីការអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យកឋិនទាន ក្នុងវត្តគិរីជុំចម្ការខ្នុរ នៅឆ្នាំ២០២៤នេះយ៉ាងច្រើនកុះករ។ នេះសបញ្ជាក់ឲ្យឃើញ ពីកម្លាំងសាមគ្គី ទឹកចិត្តជ្រះថ្លា ក្នុងធ្វើបុណ្យ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនារបស់យើង ក៏ដូចជាបានជួយទំនុកបម្រុងកសាងនូវសមិទ្ធផលផ្សេងៗ និងបានជួយដល់ព្រះសង្ឃបានរៀនសូត្របន្តទៀត ។
ព្រះអង្គ ណាប់ ម៉ឺន បានមានសង្ឃដីកាបន្តថា ជារៀងរាល់ឆ្នាំយើងទាំងអស់គ្នាដែលជាអ្នកជឿជាក់លើព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យអង្គ កឋិនទាន គ្រប់វត្តអារាមទូទាំងប្រទេសក្នុងគោលបំណង បង្កើនសាមគ្គីភាពរវាងបុគ្គល និងសង្គមជាតិ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យគង់វង្សស្ថិតស្ថេរយូរអង្វែង និងដើម្បីបានធ្វើអំពីការទំនុកបម្រុងឧបត្ថម្ភ ដល់ព្រះភិក្ខុ សាមណេរ ដែលជាមហាកុសលដ៏ប្រសើរស្ថិតនៅក្នុងប្រទេស ដែលកំពុងតែមានសុខសន្តិភាពពេញលេញ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា យើងទាំងអស់គ្នាសប្បាយរីករាយជ្រះថ្លា និងធ្វើបុណ្យរួមគ្នាគឺក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាព្រះអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ផងដែរថា បច្ច័យដែលទទួលបាន ក្នុងអង្គកឋិនទានសរុបទឹកប្រាក់ចំនួន ៦៦ ៥៧០០០០រៀល៕