ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើង​ជ័យ ក្រោយអុជបំភ្លឺ នៃពិ​ធីបុណ្យឯ​ករាជ្យជាតិ ៩ វិច្ឆិកា ខួបលើ​កទី៧១

ប៉ៃលិន៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេស​រដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពន្លត់ភ្លើងជ័យ ដើម្បី​បញ្ចប់ពិធីបុណ្យរំឮកខួបទិវាបុណ្យឯករាជ្យជាតិ លើកទី៧១ ដែលបានដុតបំភ្លឺអស់រយៈពេល ៣ថ្ងៃ នៅវិមានឯករាជ្យខេត្ត ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ ដោយមានការអញ្ជើញចូល​រួមពីសំ​ណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ការរំលឹ​កខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ ខួបលើកទី ៧១ គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារប​ស់ប្រជាជា​តិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណក្ខន្ធព្រះប​រមរតន​កោដ្ឋ ដែលព្រះអង្គ បានដឹកនាំការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដ​ល់វីរកុលបុត្រ​កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបាន​ឆ្លងកាត់នូវ​គ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដ​ណ្តើមឯ​ករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាល នៃសង្គ្រាមនិងរបបប្រល័យពូជសាស្ត្រ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។ ដូច្នេះ ដើម្បីបន្តនូវគំរូវីរភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់​អាវុធទាំង​អស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ និងរួមចំណែកកសាងអភិវឌ្ឍន៍ប្រ​ទេសជាតិឲ្យ​បានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងការរួបរួមក្នុងមហាសាមគ្គីជាតិ ដ៏ទូលំទូ​លា​យ ដោយគ្មាន​ការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះម​ហន្តរាយដូច​អតីតកាល។

ទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគ​ជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណា​ក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រ ដ៏ស្មុគស្មាញជា​ច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧១ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្ត​សញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏​ត្រឹម​ត្រូវរប​ស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា​ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

សូមរំលឹកថា៖ តាមប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ ព្រះករុ​ណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹ​កដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបង្ហាញថា នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុ​ភូមិ និងប្រជារាស្ត្រខ្មែរ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអា​ណា​និគមនិយមបារាំង ប្រកបដោយជោគជ័យ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕

Leave a Reply

Your email address will not be published.