ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ អញ្ជើញពិនិត្យស្ថាន​ភាព​អភិ​វឌ្ឍន៍ច​លនាភូមិ​គំរូ ក្នុងក្របខ័ណ្ឌ​គម្រោងការកសាងភូមិសន្តិភាព

ខេត្តបាត់ដំបង​ ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯក​ឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន​នាយ​កដ្ឋាន និងមន្ដ្រីជំនាញ Mr. Shin Yonghwa នាយករងទី​ភា្នក់ងា​រសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមការងារ, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់​ភូមិ និងប្រជា​ពលរដ្ឋយ៉ាងច្រើនកុះ​ករផងដែរ​ បានអញ្ជើញពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោ​ងការកសា​ងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤​

បន្ទាប់​ពីនេះ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញទស្សនកិច្ចទីតាំងភូមិគំរូ ចំនួន ៣ភូមិ មានកសិ​ករសរុប ១៦៥នាក់ ក្នុងនោះ ភូមិកណ្ដាល ឃុំស៊ុង មានកសិករចំនួន ៣ក្រុម សមាជិកចំនួន ៧៥នាក់, ភូមិស៊ុង១ ឃុំស៊ុង មានកសិករចំនួន ៣ក្រុម សមាជិកចំនួន ៦៥នាក់ និងភូមិព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុកសំឡូត មានកសិករ ១ក្រុម មានសមាជិកចំនួន ២៥នាក់​ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំ​នាំនូវប្រសា​សន៍ផ្ដាំផ្ញើសួ​រសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាព​លរដ្ឋ​ក្នុងសហគមន៍ផងដែរ

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះ គឺដើម្បី​ពិនិត្យ និងស្វែងយល់អំពីស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និង​កា​របង្កើនប្រាក់ចំណូលតាមគ្រួសារ ជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និង​មានប្រសិទ្ធភាព តាមរយៈការអនុវត្តយុទ្ធសាស្ដ្រអាទិភាពទាំង៤ របស់ក្រសួង គឺ ១. ការអភិវឌ្ឍហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២. ការកែលម្អលក្ខខ​ណ្ឌនៃការរស់នៅ​របស់សហគ​មន៍ជនបទ, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថាក្រោមម្លប់សន្ដិភាព​ដែលមានសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏​ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងបន្ដវេនដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី បានខិតខំកែប្រែប្រទេសជាតិដែលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃឱ្យមា​នការអភិវឌ្ឍន៍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធា និងសម្បូរសប្បាយ។

សូមបញ្ជាក់​ផងដែរថា គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហ​គមន៍ជនប​ទចម្រុះ ”ឬ“គម្រោងភូមិសន្តិភាព” ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួល​ទីភា្នក់ងារស​ហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មានគោលបំណងកែលម្អ​លក្ខខណ្ឌរស់​នៅរប​ស់ប្រជាព​លរដ្ឋនៅតំបន់ជនបទ លើកកម្ពស់សេដ្ឋកិច្ចសង្គមនៅតំបន់ជនបទ តាមរយៈការ​បង្កើន​ប្រាក់ចំ​ណូលតាមគ្រួសារនៅជនបទឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកប​ដោយចីរ​ភាព។ គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ​(២០២២២០២៦) ក្នុងខេត្តគោលដៅចំនួន ៣គឺ ខេត្តបាត់​ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយមានភូមិគោលដៅសរុបចំនួន ៣០ភូមិ៕

Leave a Reply

Your email address will not be published.