(បន្ទាយមានជ័យ) ដើម្បីបានស្វែងយល់ កាន់តែច្បាស់អំពីប្រតិបត្តិការកាកបាទក្រហមអឌ្ឍចន្ទក្រហម នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជាថ្នាក់ជាតិ សហការជាមួយកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានធ្វើការបើកវគ្គផ្សព្វផ្សាយស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទអឌ្ឍចន្ទក្រហមនិងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់បញ្ជាការដ្ឋានប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ក្រោមការឧបត្ថម្ភមូលនិធិដោយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ICRCអាយ.ស៊ី.អូ.ស៊ី។
លោករ វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង កងប្រតិបត្តិការសឹករងខេត្តបានបញ្ជាក់ថា វគ្គផ្សព្វផ្សាយស្ដីពីគោល របស់ចលនាអន្តរជាតិកាកបាទក្រហម ពិតជាធ្វើឲ្យប្អូនៗយុទ្ធជនយុទ្ធនារី ដែលបានចូលរួមបានយល់ច្បាស់ ពីប្រតិបត្តិការរបស់កាកបាទក្រហម សំខាន់គឺច្បាប់មនុស្សធម៌អន្តរជាតិ ដូចនេះសូមប្អូនៗត្រងត្រាប់ ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមមន្ត្រីឲ្យបានខ្ជាប់ខ្ជួន។
លោក គង់វង្ស សីហវិសាល ប្រធានការិយាល័យផ្សព្វផ្សាយ នៃកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ពីបទបង្ហាញថា ពីគោលការណ៍គ្រឹះ៧ប្រការ របស់ចលនាអន្តរជាតិនៃកាកបាទក្រហមអឌ្ឍចន្ទក្រហមបានប្រកាសជាផ្លូវការ នៅទីក្រុងវីយែនអូទ្រីស នៅឆ្នាំ១៩៦៥ មានចំនួនប៧ចំណុច ១.ភាពមនុស្សធម៌ ២.ភាពមិនលម្អៀង ៣.អព្យាក្រិតភាព ៤.ឯករាជភាព ៥.សេវាកម្មស្ម័គ្រចិត្ត ៦.ឯកភាព និងទី៧សកលភាព។ សមាគមន៍ជាតិទាំងអស់ត្រូវប្រកាន់ខ្ជាប់ខ្ជូននូវគោលការណ៍គ្រឹះទាំងប្រាំពីរ ក្នុងការបំពេញភារៈកិច្ចនិងបេសកកម្មរបស់ខ្លួន។ សម្រាប់បេសកកម្ម របស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា ជាអង្គការមិនលម្អៀង អព្យាក្រឹត និងឯករាជ្យដែលមានបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតក្នុងការការពារអាយុជីវិត និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារសង្គ្រាមអំពើហិង្សាផ្ទៃក្នុងហើយផ្តល់នូវជំនួយសង្គ្រោះដល់ជនរងគ្រោះទាំងអស់។
លោកគង់វង្ស សីហវិសាល បានបញ្ជាក់បន្ថែមទៀតថា កាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានហើយក្នុងការផ្តល់អំណោយមនុស្សធម៌ផ្សេងៗ ដល់ជនរងគ្រោះ និងងាយរងគ្រោះ គឺមិនប្រកាន់បក្ខពួកនិន្នាការនយោបាយមិនរររើសអើងពណ៌សម្បុរនោះឡើយ ទីណាមានបងប្អូនជួបទុក្ខលំបាកទីនោះគឺមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ចមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ៕