ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើល​ការរៀបចំព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អកអំបុក

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជាប្រធា​ន​គណៈកម្មការរៀបចំបុណ្យជាតិអន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើល ទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែ​តប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងងថា៖ បើទោះបី​ជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំ​ងនៅរាជ​ធានីភ្នំពេញក៍ដោយ ក៍រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក ឆ្នាំនេះ អោយបានអ​ធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកា​សសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុង​ខេត្តផងដែរ។

លោកជំទាវបណ្ឌិតអ​ភិបាលខេត្ត ក៍បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគ​ណៈកម្ម​ការរៀប​ចំបុណ្យជាតិអន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅ​លើការរៀបចំតុ​បតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា រំលេ​ចនូវអ​ត្តស​ញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យ ឱ្យមកបានយ​ល់ដឹងអំពីប្រវ​ត្តិសាស្ត្រដ៏​ល្អផូរ​ផង់របស់ជាតិ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសត្រូវផ្តោ​តសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី និងការរៀបចំស្តង់ពិពរណ៌។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ស្នើដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីប​នោះឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយបើអាចសូមបងប្អូន​ធ្វើប្រទីបពីដើ​មចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈច​ម្រុះក្នុង​ទឹកទៀត​ផង ម៉្យាងវិញទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈ​កម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថាន​ដងស្ទឹងនោះ គណៈកម្មការ នឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។

សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នឹងចូលរួម ពិធីអកអំបុក សំពះព្រះខែ និងប​ណ្តែតប្រទីប នៅស្ទឹងតារាប ដោយមា​នការចូលរួមផ្តល់ជូននូវម្ហូបអាហារ នំចំណី ដោយឥតគិតថ្លៃ ពីសំណាក់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការប្រគុំតន្ត្រី និងការបា​ញ់កាំជ្រួច​ផងដែរ៕

Leave a Reply

Your email address will not be published.