(ភ្នំពេញ)៖ចលនាប្រឡងប្រណំាង «ភូមិ ឃុំ–សង្កាត់មានសុវត្ថិភាព» ក្នុង ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែ ក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា។ មិនតែប៉ុណ្ណោះ គឺជាយន្តការលើកទឹកចិត្ត លើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណង់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ ស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវ ធ្វើឱ្យការរស់នៅប្រកបដោយផាកសុខភាពល្អ មានការអភិវឌ្ឍទាំងជីវភាព និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងការវិនិយោគមកកម្ពុជាកាន់តែច្រើន ក្នុងពេលអនាគត ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសជ័យលាភីការប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថាក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ជាបន្តបន្ទាប់ ជាជំហានៗ នាកន្លងមក មិនតែរួមចំណែក ដល់ការ ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ឱ្យមានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន នឹងថែមទាំងជំរុញឱ្យក្លាយជាចលានា ឆ្ពោះទៅរកការមានទម្លាប់ស្អាតទាំងអស់គ្នា ដើម្បីសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»៕