ព័ត៌មានជាតិ

រយ:​ពេល ២សប្តាហ៍ ពលរដ្ឋជាង ១៩ម៉ឺននាក់ បាន​យល់ដឹ​ងពី​គោលន​យោបាយភូមិ-ឃុំ-សង្កាត់​មានសុវត្ថិភាព នៅទូទាំង​ប្រទេស

(ភ្នំពេញ)៖រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរ​រដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយអំពី គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានីខេត្ត ដល់ប្រជាពលរដ្ឋ ចំនួន ១៩៤.៧៦៨នាក់ ដើម្បីបានឈ្វេងយល់ និងចូ​លរួមសហ​ការអនុវត្តលក្ខណៈសម្បត្តិទាំង ៧យ៉ាង របស់គោលនយោបាយនេះ ឱ្យកាន់តែល្អប្រ​សើរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ តែងតែយកអស់កម្លាំងកាយចិត្តបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវ បន្តចុះ​ផ្សព្វ​ផ្សាយគោលនយោបាយភូមិឃុំសង្កាត់ មានសុវ​ត្ថិភាពជា​ប្រចាំដូចភ្លៀងរលឹម​នៅតាមវេទិ​កាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយឱ្យប្រជាព​លរដ្ឋ បានយ​ល់ជ្រួតជ្រាប និងចូលរួមសហការរាយការណ៍ ថែរក្សា ការពារសន្តិភាព ស្ថិរភាពន​យោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចមូលដ្ឋានតា​មវិស័យនានា ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា រយៈពេល ១៤ថ្ងៃ កន្លងទៅ អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តរៀបចំវេទិកាផ្សព្វផ្សាយបាន ចំនួន ៦.៣៣៤លើក ក្នុងនោះ រួមមាន៖ នៅថ្ងៃទី៧ ខែតុលា ផ្សព្វផ្សាយបានចំនួន ៣១០លើក និង​មានប្រជា​ពលរដ្ឋចូលរួម ៨.៦៦១នាក់ នៅតាម១៩រាជធានីខេត្ត។ ថ្ងៃទី៨តុលា ផ្សព្វផ្សាយបានចំនួន ៤៥២លើក និងមានប្រជាពលរដ្ឋចូលរួម ១៣.៣២៦នាក់ នៅតាម២០រាជធានីខេត្ត។ ថ្ងៃទី៩ បានចំនួន ៤៧៥លើក និងមានអ្នកចូលរួម ១២.៣៦៥នាក់ នៅក្នុង ២២រាជធានីខេត្ត។ នៅថ្ងៃទី១០ ផ្សព្វផ្សាយបានចំនួន ៥៣៨លើក និងមានអ្នកចូលរួម ១៨.៣៣១នាក់ នៅតាម២៣រាជធានីខេត្ត។ ថ្ងៃទី១១ បានចំនួន ៤៧៤លើក និងមានអ្នកចូលរួម ១៣.៣២៦នាក់ នៅតាម ២០រាជធានីខេត្ត។ នៅថ្ងៃទី១២ ផ្សព្វផ្សាយបានចំនួន ៤១៨លើក និងមានអ្នកចូលរួម ១៣.៨៩៤នាក់ នៅតាម២២រា​ជធានីខេត្ត។ ថ្ងៃទី១៣ បានចំនួន ៣៦៤លើក និងមានអ្នកចូលរួម ១១.៣២៥នាក់ តាម២១រាជធានីខេត្ត។ នៅថ្ងៃទី១៤ បានចំនួន ៤៣១លើក និងមានអ្នកចូលរួម ១២.០៥៥នាក់ ក្នុង២១រាជធានីខេត្ត។ ថ្ងៃទី១៥ បានចំនួន ៥១២លើក និងមានអ្នកចូលរួម ១៥.១០៥នាក់ តាម២១រាជធានីខេត្ត។ នៅថ្ងៃទី១៦ បានចំនួន ៤៩៨លើក និងមានអ្នកចូលរួមចំនួន ១៤.០១៩នាក់ តាម ២២រាជធានីខេត្ត។ ថ្ងៃទី១៧ បានចំនួន ៥៧៦លើក និងមានអ្នកចូលរួម ២១.៥៩០នាក់ នៅ២៣រាជធានីខេត្ត។ ថ្ងៃទី១៨ បានចំនួន ៥៣៨លើក និងមានអ្នកចូលរួម ១៦.៦១៥នាក់។ នៅថ្ងៃទី១៩ បានចំនួន ៣៩៤លើក និងមានអ្នកចូលរួម ១៣.០១៦នាក់ ក្នុង២១រាជធានីខេត្ត និងថ្ងៃទី២០ អាជ្ញាធរ បានផ្សព្វផ្សាយចំនួន ៣៥៤លើក និងមានប្រជាពលរដ្ឋចូលរួម ចំនួន ១១.១៤០នាក់ តាម២១រាជធានីខេត្ត។

គោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិទាំង ៧យ៉ាង ក្នុងនោះ រួម​មាន៖ ទី១. ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទ​ទួលបានជំនឿចិត្ត ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់និង​បទល្មើសគ្រប់ប្រភេទ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ ប្រកបដោយគុណភាពនិ​ងប្រសិទ្ធភាព ទី៥. ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧. ឆ្លើយតប​បាន​ទាន់ពេលវេលាចំ​ពោះគ្រោះមហន្ត​រាយនិងរាល់ជំ​ងឺឆ្លងរាតត្បាត​កាចសាហាវប្រកប​ដោយប្រ​សិទ្ធភាព។

គួរបញ្ជាក់ថា ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែ​គាំទ្រ ជំរុញ ណែនាំ និងរំលឹកដល់មន្រ្តីទាំងអស់ បន្តចូលរួមខិតខំប្រឹងប្រែង ព្យាយាម​បម្រើប្រជាព​លរដ្ឋ ឱ្យបានទាន់ពេលវេ​លា ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាម​ទ​ស្សនៈ «អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»

Leave a Reply

Your email address will not be published.