(បន្ទាយមានជ័យ) ប៉ុន្មានថ្ងៃមកនេះមានការជន់លិចផ្លូវ សាលារៀន ផ្ទះប្រជាពលរដ្ឋ និងដំណាំផ្សេងៗរងការខូចខាត រហូតពលរដ្ឋមួយចំនួនបានធ្វើការថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករៀបរាប់អំពីផលលំបាកក្នុងការធ្វើដំណើរ ដោយសារទឹកជន់លិចហូរដាច់ផ្លូវ នៅចំណុចភូមិសុខសាន្ត ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ព្រះចៅអធិការវត្តរតនៈសុខសាន្ត (ហៅវត្តអូខៃដន) ក៏បានធ្វើការ live ផ្ទាល់តាមផេក ឈ្មោះថា វត្តរតនៈសុខសាន្ត អូខៃដន ក្រោយពីទឹកបានលិចក្នុងវត្ត ដោយមានសង្ឃដីការថា ថ្ងៃនេះទឹកលិចមកដល់ក្នុងវត្តពេញតែម្តង ជាប្រវត្តិសាស្ត្រលើកទីមួយហើយចាប់តាំងពីព្រះអង្គចូលមកគង់នៅវត្តនេះគិតមកដល់បច្ចុប្បន្ន ១៨ឆ្នាំហើយ មិនដែលជួបទេ ដោយសារអ្នកកាន់ទ្វារទឹកបើកខុសបច្ចេកទេស ទ្វារទឹកដែលមានសម្រាប់បន្ថយ មិនបន្ថយទៅខាងជើង សំណង់ទឹកមិនព្រមបើកទុកឱ្យស្ទះសំណង់បង្ហៀរមកកាយឲ្យចូលលិចភូមិ និងលិចវត្តជាទម្ងន់ ព្រមទាំងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ។ហើយបើសិនជាមិនមានការទប់ស្កាត់ទេ ប្រាកដនឹងហូដាច់ផ្លូវមុខវត្តជាមិនខាន ប្រជាពលរដ្ឋរាប់រយគ្រួសារនៅទីនេះក៏ដូចជាព្រះសង្ឃ ដូចស្វាចាំទួលអញ្ចឹងមិនដឹងចេញទៅតាមណាទេ ។អ្វីដែលព្រះអង្គព្រួយបារម្ភជាងគេនោះគឺខ្លាចទឹកហូរច្រោះផ្លូវខូចមិនដឹងអ្នកណាជាអ្នកទទួលខុសត្រូវនោះឡើយ។
ព្រះអង្គមានសង្ឃដីកាអះអាងថា ការលិចដំណាំ ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាផ្លូវ និងវត្តអារាមនេះមិនមែនដោយសារទឹកជំនន់នោះទេគឺសំដៅទៅលើក្រុមហ៊ុនអគ្គិសនីនិងទឹកស្អាតអានកូ ខ្វះភាពទទួលខុសត្រូវ បើកទឹកដែលស្តុបទុកបង្ហូរចេញខុសបច្ចេកទេសធ្វើឲ្យលិចលង់ ។ក្នុងនោះព្រះអង្គបានស្នើឲ្យថ្នាក់ដឹកនាំពិនិត្យមើលក្រុមហ៊ុនឯកជនខាងលើនេះផង ព្រោះថាកន្លងមកនេះប្រជាពលរដ្ឋរអ៊ូរទាំថា នៅរដូវប្រាំងដាច់ភ្លើងដាច់ទឹក នៅរដូវវស្សាទឹកជន់លិចផ្ទះ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ។បើអាចថ្នាក់ដឹកនាំគួរតែមានការរៀបចំឲ្យមានប្រព័ន្ធទឹកស្អាតនិងភ្លើងជារបស់រដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ពាក់ព័ន្ធករណីនេះអាជ្ញាធរបានប្រាប់អ្នកសារព័ត៌មានថា ទឹកដែលជន់លិចនេះគឺបណ្ដាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ដោយមើលឃើញបែបនេះហើយទើបអាជ្ញាធរបានយកគ្រឿងចក្រកាយផ្ដាច់តែម្តង។
ក្រោយពីព្រះអង្គបានធ្វើការឡាយផ្ទាល់នៅលើបណ្ដាញសង្គមមកនោះនៅរសៀលថ្ងៃខែដដែលនេះអាជ្ញាធរក្រុងបានបន្តចុះទៅបើកទ្វារទឹកចាស់កាត់ផ្លូវ បង្ហូរចេញធ្វើឲ្យផ្លូវ ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន និងសាលារៀន វត្តខាងលើរហូតមកដល់ល្ងាចបានស្រកជាបណ្ដើរៗធូរស្បើយច្រើន ៕