(បន្ទាយមានជ័យ) ករណីប្លន់កើតមានឡើងសារជាថ្មីទៀតហើយនៅក្នុងក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលនៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បង្កឡើងដោយក្រុមចោរប្លន់មានគ្នាប្រមាណ ៩ទៅ ១២នាក់ ប្រដាប់ដោយកាំបិតផ្គាក់ បានកាប់ទៅលើជនរងគ្រោះ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចម្ដុំដើមពោធិ៍អាស្រមលោកយាយម៉ៅ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ ។
យោងតាមអាខោន facebook ឈ្មោះ ម៉ៅ មករា បានរៀបរាប់ថា នេះជាម៉ូតូដែលពួកចោរធ្វើសកម្មភាពកាប់ប្លន់Honda Dream 125cc 2020 ខ្ញុំឡើងតែម2021ពណ៌ក្រហមនឹងទ្រព្យសម្បត្តិមួយចំនួនទៀតយប់មិញនៅក្រុងប៉ោយប៉ែត ហើយប្អូនខ្ញុំពីរនាក់បានត្រូវពួកចោរកាប់យ៉ាងសាហាវឥឡូវពួកគាត់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកបើបានឃើញម៉ូតូនឹងស្លាកលេខដូចរូបនេះជួយឃាត់ទុករឺខលអោយប៉ូលីសដើម្បីចាប់ខ្លួនពួកវាផង ខ្ញុំបាទមានតែម្រាមដៃដប់សូមអោយបងៗជាប៉ូលីសក្រុងប៉ោយប៉ែតទាំងអស់សូមជួយខ្ញុំបាទផង ។
ពាក់ព័ន្ធករណីខាងលើនេះសាច់ញាតិដែលត្រូវជាបងថ្លៃជនរងគ្រោះបានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទឲ្យដឹងថា មុនពេលកើតហេតុប្អូនបានសុំខ្ចីម៉ូតូរបស់ខ្លួនជិះពីក្រុងបាត់ដំបងក្នុងគោលបំណងទៅលេងមិត្តភក្កិនៅក្រុងប៉ោយប៉ែតដូចសព្វមួយដង ដោយជិះម៉ូតូ ២គ្រឿង មានគ្នាបីនាក់ ម៉ូតូម៉ាកគុបពីរជិះម្នាក់ឯង រីឯមួយម៉ាក់Honda Dream125cc ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AL-5655 ជិះគ្នាពីរនាក់ លុះជិះដល់ចំណុចកើតហេតុខាងលើក្រុមប្អូនរបស់ខ្លួនបាននាំគ្នាឈប់សាកភ្លើងទូរសព្ទ ភ្លាមនោះក៏ស្រាប់តែមានក្រុមចោរប្លន់ជិះម៉ូតូ ៣គ្រឿងមានគ្នាប្រមាណ៩ ទៅ១២នាក់ប្រដាប់ដោយកាំបិតផ្គាក់ បានចុះមកដេញកាប់ប្រហារយ៉ាងសាហាវ ត្រូវចំក្បាលយ៉ាងធ្ងន់ធរ១នាក់ និងស្រាល ១នាក់ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្នុងក្រុងប៉ោយប៉ែត តែបច្ចុប្បន្នត្រូវបានដឹកបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្រុងបាត់ដំបងហើយ។ដោយឡែកអ្នកជិះម៉ូតូម៉ាក copy នៅពេលឃើញហេតុការណ៍បែបនេះបានជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ ក្រុមចោលបានយកម៉ូតូពណ៍ក្រហមមួយគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ទូរសព្ទដៃនិងថវិការបស់ជនរងគ្រោះដោយសុវត្ថិភាព ។
ក្រោយពីកើតហេតុជនរងគ្រោះដែលរងរបួសស្រាលបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីចាប់ជនល្មើសយកមកផ្ដន្ទាទោសទៅតាមច្បាប់ហើយដែរ៕