(បន្ទាយមានជ័យ)៖ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួច(ម៉ូតូ) នៅចំណុចអគារ១៨ (ហាយសូ) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូ នាគទិព្វ ជាប់កាស៊ីណូអាត់ប៊ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាក HONDA DREAME ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង1AI-6521 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះឈឿន វិជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែលចាប់ឃាត់ខ្លួនបានរួមមាន៖ ១–ឈ្មោះ យ៉ុង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ, ២–ឈ្មោះ លី ឃឹម ភេទប្រុស អាយុ២១ឆ្នាំ និង៣–ឈ្មោះ ផល វុតថៃ (ប៊ីថៃ) ភេទប្រុស អាយុ១៨ឆ្នាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយដែរ៕