ខេត្តព្រះសីហនុ៖ពិតជាសង្វែងណាស់មនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែង និង ១នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ នៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៥–២១៦ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM (សេរី២០១៧) ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1R-3615 បើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ឃាន ឃី ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ និងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ ហ៊ាម ពន្លក ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង០២ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចុះចំណោត និងផ្លូវកោង បានឡើងវ៉ាជែង ខណៈពេលនោះមានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM (សេរីឆ្នាំ២០២៤) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KK-1195 បើកបរក្នុងទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស និងអ្នករួមដំណើរ ០១នាក់ទៀតឈ្មោះ រ៉ន រ៉ុម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង០២ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកចំពីខាងមុខពេញទំហឹងតែម្ដង បណ្ដាលឲ្យស្លាប់ចំនួន ០៣នាក់ និងរងរបួសចំនួន០១នាក់ ៖
១.ឈ្មោះ ឃាន ឃី អ្នកបើកបរម៉ូតូ DREAM(សេរីឆ្នាំ២០១៧) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
២.ឈ្មោះ ហ៊ាម ពន្លក អ្នករួមដំណើរម៉ូតូDREAM (សេរីឆ្នាំ២០១៧) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៣.អ្នកបើកបរបើកបរម៉ូតូ DREAM(សេរីឆ្នាំ២០២៤)មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៤.ឈ្មោះ រ៉ន រ៉ុម អ្នករួមដំណើរម៉ូតូDREAM (សេរីឆ្នាំ២០២៤) រងរបួសធ្ងន់ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ) ។បច្ចុប្បន្ន សាកសពបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណៃ រីឯវត្ថុតាង(ម៉ូតូ) ត្រូវបានសមត្ថកិច្ចយកមករក្សារទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕