ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីចែកបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជួយផ្សព្វផ្សាយជូនដំណឹងនាថ្ងៃនេះដល់ជាពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន។ ពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។
ទន្ទឹមនោះក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់នានា ដូចជាការឆក់ជាដើម ព្រមទាំងបានធ្វើការពន្យល់ណែនាំ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសគឺឧបករណ៍ឆក់ត្រី សូមយកឧបករណ៍ទាំងនោះមកប្រគល់ជូនដល់អាជ្ញាធរ និងបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់តទៅទៀត ពីព្រោះការឆក់ត្រីមិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានមច្ឆាជាតិប៉ុណ្ណោះទេ តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកឆក់ខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងករណីនៅតែបន្តប្រើប្រាស់ឧបករណ៍ឆក់ត្រី និងឧបករណ៍ខុសច្បាប់ផ្សេងៗបន្តទៀតនោះអាជ្ញាធរនឹងមិនប្រើវិធានការអប់រំតទៅទៀតឡើយ គឺដាច់ខាត់ត្រូវតែប្រើវិធានការច្បាប់ដោយម៉ឺងម៉ាត់បំផុត៕