ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កីឡារស់ក្នុងសន្តិភាព ជាការបញ្ជាក់ពីភាពដ៏រុង​រឿងឆ្ពោះទៅ​កាន់ភាពជោគជ័យបន្តិចម្តងៗ

ថ្លែងក្នុងពិធីបិ​ទការប្រកួតកីឡា​បាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុម​ការងារអភិ​វឌ្ឍន៍​យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវពាក្យមួយឃ្លាថា កីឡារស់នៅក្នុង​សន្តិ​ភាពដកស្រង់ចេញពីចម្រៀងមួយបទ ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណជន ងាយស្រួ​លអាន នឹងងាយស្រួលចាំ ប៉ុន្តែអាចពិបាកយល់បន្តិច។

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្តិភាព គឺជាការខិតខំប្រឹងប្រែង​របស់ប្រ​មុខ​ថ្នាក់ដឹកនាំ តាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្រោមការ​ដឹកនាំរបស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់ មានឈ្មោះ​បោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ ជាក់ស្តែងថ្ងៃនេះជាព្រឹត្តិការណ៍​ដ៏ធំមួយសម្រាប់​ខេត្តព្រៃវែង ដែលមានការប្រមូលផ្ដុំយុវជន សិស្សានុសិស្ស ព្រមទាំងមហាជន បានចូលរួមលើក​ទឹកចិត្តសាទរចំ​ពោះលទ្ធផល និងជោគជ័យដែលទទួលបាន នេះ គឺជាការបង្ហាញនូវសា​មគ្គីភាពដ៏រឹ​ងមាំមួយ របស់យើងទាំងអស់គ្នា ដែលរស់ក្រោមដំបូលនៃសុខសន្តិភាព។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ង​ញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតព្រឹត្តិការណ៍​បដិវត្តន៍ពណ៌​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប៉ុន្តែគ​ម្រោងនោះ ត្រូវបានបរាជ័យ ដោយសារការទប់ស្កាត់បានទាន់ពេលវេលាពីប្រមុខថ្នាក់ដឹកនាំ ដាក់ចេញវិធានការ ការពារឱ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ មិនឱ្យជនណាម្នា​ក់មក​បំផ្លាញបានឡើយ។

ប្រមុខក្រសួងមហាផៃ្ទកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅមូលដ្ឋាន​ខេត្តព្រៃវែង សូមកុំជឿលើឧបាយកលរបស់ក្រុមជ្រុលនិយមទាំងនោះ ព្រោះពួកគេ មិនបានយកជា​តិជាធំទេ។ ផ្ទុយទៅវិញគឺជាការបំផ្លាញនូវសុខសន្តិភាពរបស់កម្ពុជាទាំងស្រុង។ ដូច្នេះសូមបងប្អូ​នមានការថ្លឹងថ្លែង​ឱ្យបានច្បាស់ មុននឹងជឿទៅលើអ្វីមួយ និងសូមផ្ដល់ការជឿទុកចិត្តម​កលើរាជរ​ដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ​ចំពោះគណៈ​បញ្ជាកា​រឯកភាពរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហកា​រយ៉ាងយក​ចិត្តទុកដា​ក់ខ្ពស់​ក្នុងរយៈពេលជិតមួយខែមកនេះ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារពី​ការប៉ុនប៉ង​ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

វេទិកាអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការអបអសា​ទរចំពោះក្រុមកីឡា​បាល់​ទា​ត់វិទ្យាល័យអង្គរឌួង ដែលទទួលបានជ័យលាភី ក្នុងការប្រកួតយ៉ាងស្វិត​ស្វាញតាំងពីវគ្គដំ​បូង រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំណរគុណដល់ក្រុមកា​រងារអភិវឌ្ឍ​យុវ​ជនខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង គណៈកម្មការរៀប​ចំការប្រកួត អាជ្ញា​កណ្ដាល គណៈគ្រប់គ្រងសាលា គ្រូបង្វឹក និងកីឡាករ ព្រមទាំងអ្នកគាំទ្រទាំងអស់ ដែលបាន​រៀបចំធ្វើឱ្យមានការប្រកួតនេះឡើង បញ្ចប់ទៅប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ​សម្រាប់ខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published.