ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបា​លក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណ​ភាពនៃការតែង​តាំងនាយកសាលា​បឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈក​ម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.... បានថ្លែងជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំ​ងនាយកសាលាប​ឋម​សិក្សា និងកា​រជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពី គ.... បានផ្ទេរការទទួល​ខុសត្រូវលើការគ្រប់គ្រង​ការងារអប់​រំកុមារតូច បឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៣ របស់ គ.... នាព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ...ប ឯកឧត្តម សក់ សេ​ដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.... ឯកឧត្តម អ៊ាង សុផ​ល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាសមាជិក គ.... ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិក គ.... ឯកឧត្តម លោកជំទាវ ជារដ្ឋលេ​ខាធិ​ការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងតំ​ណាង​អង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានពិភាក្សាគ្នាជាមួយអង្គប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យលេ​ខាធិការ​ដ្ឋាន គ.... សម្របសម្រួលជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីជំរុញប្រសិទ្ធភាពលើ​ការងារ​ផ្ដល់សេវានៅយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់វិស័យមិ​នសូវ​មានកា​រចាប់អារម្មណ៍ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធ​ភាពបន្ថែមប្រភេ​ទសេ​វា​ចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាពនៃប្រព័ន្ធទូទាត់ប្រាក់សេវាតាមបច្ចេកវិទ្យា និងបន្តពង្រឹង​សមត្ថភាពមន្រ្តីតាមវិស័យនៅយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ណែ​នាំ​ឱ្យអភិបាលរាជធានី ខេត្ត ពិនិត្យឡើងវិញរវាងសេវាដែលមានស្រាប់ ធៀបនឹងតម្រូវ​ការជាក់ស្ដែងនៃមូលដ្ឋានរៀងៗខ្លួន។

សូមរម្លឹកជូនថា គណៈកម្មាធិការជា​តិសម្រាប់ការអភិវឌ្ឍតា​មបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ ហៅកាត់ថា គ.... បង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ គ...ប មា​នគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រង​រដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គ...ប គឺជា​យន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published.