ព័ត៌មានជាតិ

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនីយោគ​លើវិស័យរុក​រកធន​ធានរ៉ែ ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន) ក្នុងឱកាស​ចូលជួបសម្តែងការគួរសម និងពិភាក្សាកា​រងារជាមួយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសា​លប្រជុំសា​លាខេត្ត នាព្រឹកថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២​៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនា​យកសាខា ក្រុមហ៊ុនយុ​នណាន ខនស្ត្រាក់​សិន អេនអិ​នវេ​សមិ​ន ហូល​ឌិង គ្រុប បានបង្ហាញពី​ចំណាប់​អារមុ្មណ៍ច​ង់វិនិយោគ​លើវិស័យធន​ធានរ៉ែ នៅក្នុងខេត្តប៉ៃលិន

លោក លីយូ ស៊ីអា​វ (LIU XI​AO) ជាអគ្គនាយកសាខា ក្រុមហ៊ុន​យុ​នណាន ខនស្ត្រាក់សិន អេនអិ​នវេ​សមិ​ន ហូលឌិ​ង គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន ដែលបានចំ​ណាយពេលវេលា និងបា​នផ្តល់ឱកាសឱ្យរូប​លោក និងក្រុមការងារ បានចូលជួបស​ម្តែងការគួរសម និងពិភាគ្សាការ​ងារ អំពីសក្តានុពលរ​បស់ខេត្តប៉ៃលិន ដើម្បីជា​មូលដ្ឋានឱ្យក្រុម​ហ៊ុន មានលទ្ធភាពសិក្សា និងធ្វើការវិនិយោគ ស្របទៅតាម​មុខសញ្ញាវិនិ​យោគ​របស់​ក្រុមហ៊ុន ជាពិសេសគឺការវិនិ​យោគទៅលើវិស័យរុករ​កធនធានរ៉ែ ពីព្រោះក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនវិ​និយោគក្នុងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដែលមានបទ​ពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើអាជីវកម្ម ឧស្សាហកម្មរ៉ែលោ​ហៈនៅសា​ធារណរដ្ឋប្រ​ជាមានិតចិន។

ជាការឆ្លើយតប​លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិន ជាខេត្តដែល​មានសក្តានុព​លលើវិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម និងវិស័យទេ​សចរណ៍ ក្នុងនោះខេត្តប៉ៃលិន ក៍មានធនធានរ៉ែដ៏សម្បូរបែបផងដែរ ដូចជា រ៉ែត្បូង រ៉ែមាស និងរ៉ែលោ​ហផ្សេងៗជាច្រើនទៀត ដូច្នេះលោ​កជំទាវសូមស្វាគមន៍​ចំពោះក្រុមហ៊ុនវិនិយោគស្របច្បាប់ ទាំងជាតិ និងអន្តរជាតិ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើនឡើង ស្រប​តា​មគោលនយោបាយ និងផែនការយុទ្ធ​សាស្ត្ររប​ស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចម​ហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកជំទាវអភិបាលខេត្ត បានមានប្រសា​សន៍បន្តថា៖ ទិសដៅរបស់រាជរដ្ឋាភិបាល គឺចង់ឃើញមា​នការវិនិយោ​គលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅ​គោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម ឆ្នាំ ២០១៥២០២៥ និងការខិតខំជំរុញ​ឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាជាដើម ដូច្នេះ​ការវិនិ​យោគរបស់វិស័យឯកជន គឺជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតា​មគន្លឹះអាទិភាព គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

Leave a Reply

Your email address will not be published.