(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានសេចក្តីរាយការពីក្រុមសង្គ្រោះបឋមប្រចាំក្រុងប៉ោយប៉ែត ថា ឃេីញបុរសម្នាក់បានបោះចោលវត្ថុម្យ៉ាង សង្ស័យថា ជាគ្រឿងញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហេីយព្យាយាមរត់គេច ក្រុមសង្គ្រោះបឋម បណ្តាលឱ្យដួល ហើយរបួសកែងដៃស្តាំ និងហើមដៃខាងឆ្វេង នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី២៦ ខែសីហា ២០២៤។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះទៅឃាត់ខ្លួនបុរសនោះ ហើយដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់កិប ស្មើនឹង ៦០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះ បញ្ញា រិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕