(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយគេបានឃើញបុរសជនជាតិថៃម្នាក់ មិនដឹងថា លោត ឬក៏ធ្លាក់ពីលើអគារ ១៨ជាន់កាស៊ីណូហ្គោដិន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យនោះទេ បណ្តាលឲ្យសន្លប់ស្តូកស្តឹង ក្រោយពីកើតហេតុក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត នឹងកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ តែជាអកុសល្យទៅដល់មន្ទីពេទ្យជនរងគ្រោះក៏ស្រាប់តែបាត់បង់ជីវិត ។
ក្រុមសង្គ្រោះបឋមបានឲ្យដឹងថា៖ ជនរងគ្រោះជាជនជាតិថៃ អាយុប្រមាណជាង ២០ឆ្នាំ មិនដឹងថា លោតឬក៏ធា្លក់ពីលើអគារ១៨ជាន់ របស់កាស៊ីណូហ្គោដិន មកផ្នែកខាងក្រោយអគារ បណ្តាលរបួសធ្ងន់ឈាមចេញតាមមាត់និងត្រចៀកត្រដរខ្យល់ ហើយត្រូវបានសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត លុះដល់ប្រមាណជាង១០នាទីត្រូវបានស្លាប់បាត់បង់ជីវិត។
លោកវរសេនីយ៍ត្រី ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានឲ្យដឹងដែរថា៖ ជនរងគ្រោះដែលរបួសធ្ងន់ នៅក្បែរអគារកាស៊ីណូហ្គោដិនហើយត្រូវបានបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិត គឺជាជនជាតិថៃ តែមិនទាន់បានដឹងថា លោតឬក៏ធ្លាក់ពីលើអគារ មិនទាន់បានដឹងច្បាស់ពីមូលហេតុនៅឡើយទេ ខាងសមត្ថកិច្ចជំនាញកំពុងសាកសួរនិងពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសពជនរងគ្រោះ ដើម្បីដឹងការពិតដែលមូលហេតុអ្វីអោយប្រាកដ៕