រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពក្នុងការរាយការណ៍ ភាពរលូនក្នុងការប្រាស្រ័យទាក់ទង និងឥរិយាបថក្នុងការបំពេញការងារឱ្យកាន់តែមានភាពល្អប្រសើរ និងសំដៅប្រសិទ្ធភាព និងត្រូវបង្កើនការយកចិត្តទុកដាក់ និងបុរេសកម្មក្នុងកិច្ចការងារដែលនៅក្នុងបន្ទុកខ្លួន ដូចជាកិច្ចការប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយពិនិត្យលើកិច្ចការចត្តាឡីស័កនៅតាមច្រកព្រំដែន ការអប់រំសុខភាពលើការប្រឈមការពុលស្រា និងជំងឺឆ្លងនានាផ្សេងៗទៀត។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំខែសីហា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។
ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញពីទឹកចិត្តសាទររីករាយចំពោះស្មារតីរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ និងជាពិសេសបានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ នវានុវត្ត និងភាពច្នៃប្រឌិតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលឱ្យបានដើរទៅមុខបានមួយជំហានធំ ដែលសមិទ្ធផលទាំងនេះបានជួយជាទុនបន្ថែមសម្រាប់ជំរុញការអនុវត្តកិច្ចការក្នុងស្ថាប័នឱ្យមានវឌ្ឍនភាព និងភាពល្អប្រសើរ និងជាគុណផលដ៏ឧត្តុង្គឧត្តមមួយក្នុងការជំរុញការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ៕