ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជំរុញឱ្យមានការដោះស្រាយជាបន្ទាន់បញ្ហាលិចទឹកនៅតាមសាលារៀន ពិ​សេ​សសាលារៀនជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ

ខេត្តកណ្តាល៖ ក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ និងសាលា​ភាសាលី​ដឺលែន សាខាទី២ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល​ខេត្តកណ្ដាល បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ជាពិសេ​សមន្ទីរ​អប់រំ យុវជន និងកីឡាខេត្ត និង​មន្ទីរសា​ធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវមានវិធា​នការដោះ​ស្រា​យជាបន្ទាន់ បញ្ហាលិចទឹកនៅតាមសាលារៀន ពិសេសសាលារៀនជាទី​តាំងមណ្ឌ​លប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនា ក្នុងក្រុងតាខ្មៅ ពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែរដូវនេះជារដូវវស្សា បណ្ដាលឱ្យ​មានការជនលិ​ចជាពិសេសនៅ​តាមសាលារៀន ក៏ដូចជា​តាមលំនៅឋានប្រជាពលរដ្ឋទូទៅ ជាហេតុធ្វើឱ្យសិ​ស្សានុសិស្ស​ពិបាកក្នុងការសិក្សា ហើយបញ្ហាដែលគួរឱ្យបារម្ភមួយទៀតនោះ គឺការជន​លិចអាច​ចំថ្ងៃប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុ​តិយភូមិតែម្ដង ដូច្នេះដើម្បីបញ្ជៀសនៅបញ្ហាទាំងនេះ មន្ទីរសា​ធា​រណការ និងដឹកជញ្ជូន ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹក ពីក្នុងវិទ្យាល័យ ហ៊ុន សែនសេរី​ភាព និងវិទ្យាល័យផ្សេងៗទៀតដែលជាមណ្ឌលប្រឡង ក្នុងក្រុងតាខ្មៅ។

ឯកឧត្តមបានបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំ​បាច់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមម៉ាស៊ី​នបូមទឹក ដើម្បីបូមរំដោះទឹកចេញឱ្យបានទាន់​ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាង​ណាអាចបញ្ជៀស​បាននូវការជនលិចក្នុងក្រុងតាខ្មៅ និងសាលារៀនផងដែរ។

ឯកឧត្តម​អភិបា​លខេត្ត ក៏បានមានប្រសាសន៍ផងដែរថា ដោយ​សារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារ បានធ្វើឱ្យប្រព័ន្ធលូរំដោះទឹកដែលមានពីមុន មិនអាចឆ្លើយត​បនឹងស្ថានភា​ពបច្ចុប្បន្នបាន ដែលប​ញ្ហានេះតម្រូវឱ្យ មន្ទីរធន​ធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជ​ញ្ជូនខេត្ត ត្រូវផ្តល់ទិន្នន័យ​របាយទឹកភ្លៀង ទំហំផ្ទៃរងទឹកភ្លៀ​ងដែលនៅមានក្នុងខេត្ត រួមជា​មួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយក​មកដាក់ក្នុងកិច្ចប្រជុំ ដើម្បីរួមគ្នាពិភា​ក្សារកដំណោះ​ស្រាយ​មានប្រសិទ្ធភាពផងដែរ៕

Leave a Reply

Your email address will not be published.