ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យមន្ត្រីន​គរបាល ពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

(ស្វាយរៀង) ៖ ស្របតាមគោលការណ៍អាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំ​ណាក់កា​លទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគ​របាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព​បច្ចេកវិទ្យាឌី​ជីថល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធា​រណៈប្រកប​ដោយ​ទំនុក​ចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស​ទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នង​ការដ្ឋាននគ​បា​ល​ខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចា​ត់ទុកថា ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ជាកត្តា​ន​វានុវត្តន៍ចម្បង ដើម្បីធា​នាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូ​នប្រជា​ពលរដ្ឋ ស្របតាមការវិវត្តជាសកល នាពេលបច្ចុប្បន្ន។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អាណត្តិទី៧ នេះ ក្រសួងមហាផ្ទៃ បាននិងកំពុង​អភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងទិន្នន័​យគ្រប់គ្រងមន្ត្រីទាំងរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងនគរបាលពន្ធនាគារ ចាប់ពីពេលចូលក្របខណ្ឌរហូតដល់ចូលនិវត្តន៍ ដើម្បីធានាឱ្យប្រាកដថា ថ្នាក់ដឹកនាំ និង​មន្ត្រី មានធនធានសមត្ថភាព ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹម​ត្រូវច្បាស់​លាស់ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស ក្នុងនាមជាអ្នកផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែ​បន្តយកចិត្តទុក​ដាក់តាម ដានរាល់សកម្មភាពផ្សព្វផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត តាមបណ្តាញសង្គមនានា និងត្រូវត្រៀមលក្ខណៈបំភ្លឺបានទាន់ពេលវេលា និងឈានទៅមានវិធា​នការ​តាមផ្លូវច្បាប់ចំពោះជនបង្កភ្លាមៗដែរ ដោយមិនត្រូវទុកឱ្យបញ្ហានោះ បង្កឱ្យកើតមានអស្ថិរភាព ឬអសន្តិសុខសង្គម រំខានដល់ភាពសុខសាន្តរបស់ប្រជាជននោះឡើយ។

ឯកឧត្តមអភិសន្តិប​ណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរ ឱ្យថ្នាក់ដឹ​កនាំ និងមន្ត្រីទាំងអស់ យកចិត្តទុកដាក់ការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត ការអនុវត្តគោ​លនយោបា​យភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរម​នុស្សឆ្ល​ងដែន ការជួញដូរអាវុធខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំ​នើងឱ្យបានជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ទាំងតាមរយៈ វិធានការអប់រំណែនាំ និងតាមរយៈវិ​ធានការច្បាប់។

លោកឧត្តមសេ​នីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលស្វាយរៀង បានថ្លែងពីស​មទ្ធិផល​ការងារថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមកនេះ សភាពការណ៍ពាក់ព័ន្ធសន្តិ​សុខសង្គ​មជារួម ក្នុងខេត្តស្វាយរៀង មិនមានអ្វីគួរកត់សម្គាល់ទេ ដោយសមត្ថកិច្ចបានខិ​តខំស្រាវជ្រា​វបង្ក្រាបបទល្មើសព្រហ្មទណ្ឌទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៨% នៃបទល្មើសដែ​លកើត​មានឡើង ព្រមទាំងឃាត់ខ្លួនជនសង្ស័យ និងបង្ក្រាបតាមដីកាឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.