(បន្ទាយមានជ័យ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើហដោយរថយន្តទំនើបបើកលឿនដូចព្យុះ ឡើងខឿនរង្វង់៥៨ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួចបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាតជាច្រើនគ្រឿង និងបណ្តាលឲ្យមនុស្សរបួសធ្ងន់បាក់ជើងជាច្រើនកំណាត់ នៅវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ឆែរ៉ូឡែត ពណ៌ស បិទស្កុតពណ៌ឈាមជ្រូក១ជុំ ពាក់ផ្លាកលេខ កម្ពុជា TF201120 បើកបរក្នុងទិសដៅពីទិសជើងទៅត្បូង យ៉ាងលឿនដូចព្យុះ បានឡើងខឿនរង្វង់៥៨ ជ្រុលទៅបុកស្ត្រីម្នាក់កំពុងលក់ទឹកអំពៅនៅម្ខាងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងទាំងសងខាងជាច្រើនកំណាត់ ហើយរថយន្តបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង រួចជ្រុកទៅមុខធ្លាក់ចូលក្នុងប្រឡាយទឹក រថយន្តខូចខាតធ្ងន់ទៅមុខលែងរួច។
ប្រភពនៅកន្លែងកើតហេតុបន្តថា ៖ ក្រោយពីរថយន្តបើកធ្លាក់ប្រឡាយ ត្រូវបានប្រជាពលរដ្ឋ ចុះបើកទ្វារជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរពីរនាក់ប្តីប្រពន្ធជាជាតិខ្មែរ មិនមានអ្នករងរបួសទេ។ បុរសអ្នកបើកបរ រួមជាមួយប្រពន្ធរួមដំណើរត្រូវបានប្រជាពលរដ្ឋឃាត់ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចំណែកស្ត្រីលក់ទឹកអំពៅ ត្រូវបានរថយន្តសង្គ្រោះបឋមក្រុងប៉ោយប៉ែតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
គរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ អ្នកបើកបរមិនមានជាតិអាល់កុលនោះទេ តែបើកបរលឿនពេក ដល់ចំណុចកើតហេតុបាត់ភាពជាម្ចាស់ការ ទើបបណ្តាលឲ្យរថយន្តបុកខឿន រង្វង់មូល៥៨ រួចជ្រុលទៅបុកជនរងគ្រោះ នៅម្ខាងផ្លូវបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង ទៅធ្លាក់ប្រឡាយទឹកទៅមុខលែងរួចបែបនេះ។
ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងរួច ម៉ូតូកង់បី រទេះលក់ដូរ ដែលខូចខាត ជាច្រើនគ្រឿង រួមជាមួយរថយន្តបង្ក ត្រូវបានស្ទូចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំភាគីទាំងពីរដោះស្រាយគ្នាតាមនិតិវិធីជាក្រោយ៕