ព័ត៌មានជាតិ

ប្រមុខក្រសួងម​ហាផ្ទៃកម្ពុជា និងអ្នករា​យការណ៍​ពិសេស ​UN វាយតម្លៃខ្ពស់ចំ​ពោះកិច្ចស​ហប្រតិបត្តិ ៣​០ឆ្នាំមក​នេះ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេសស្តីពីស្ថា​នភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អបអរសា​ទរចំពោះ​វឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ​លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរ​យៈពេល ​៣០ឆ្នាំកន្លងមក​នេះ។ នេះបើ​តាមកិច្ចសន្ទនារវាងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយក​រដ្ឋមន្ត្រី និង​លោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះ​លោកសា​ស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែលបានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ​ណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោ​កសាស្ត្រាចារ្យ វិទិត មុនតាប៊ន ​(Vitit Muntarbhorn) អ្នករាយការណ៍ពិសេស​ស្តីពីស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានស​ហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំ​ងកា​រប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចកា​រសិទ្ធិមនុ​ស្ស។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែលជួយជ្រោម​ជ្រែង​កម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអ​ភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ការពង្រឹងសមត្ថភា​ពជាតិ ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

Leave a Reply

Your email address will not be published.