(បន្ទាយមានជ័យ)៖ករណីគ្រោះធម្មជាតិ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យទ្រេតនិងដួលបង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនី អានកូ ជាង ១០ដើម នៅលើបណ្តោយផ្លូវជាតិ៥៨ ត្រង់ចំណុចភូមិអូនាង និងព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការជន់លិចផងដែរ ។
ពាក់ព័ន្ធការដួលបង្គោលភ្លើងនេះដែរ បើតាមក្រុមការងាររបស់ក្រុមហ៊ុន អានកូ ដែលកំពុងរៀបចំបង្គោលនិងតចរន្តអគ្គិសនីឡើងវិញ បានឲ្យដឹងថា បង្គោលភ្លើងដែលទ្រេត និងដួលមានចំនួន ១៥បង្គោល ដោយទ្រេតមាន ២ដើម និងដួលដល់ដីចំនួន ១៣ដើម ក្រោយពីទទួលបានព័ត៌មានករណីដួលបង្គោលភ្លើងនេះភ្លាម ក្រុមការងារបានចុះមកធ្វើការពិនិត្យនិងសម្របសម្រួលដាក់ស្លាកសញ្ញាទាំងយប់ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ លុះព្រឹកឡើងក្រុមការងារបានចុះមករៀបចំស្ទូចដាក់បង្គោលភ្លើង និងតចរន្តអគ្គិសនីឡើងវិញផងដែរ។
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ភ្នាក់ងារយើងបានចុះទៅផ្តិតយករូបភាពពាក់ព័ន្ធការជន់លិចផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំនោះឃើញថា នៅតាមទីវត្តអារាម សាលារៀន ទីប្រជុំជន(ផ្សារ)មួយចំនួន និងផ្លូវធំសំខាន់ៗមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រងការជន់លិច ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។ទន្ទឹមនឹងការជន់លិចនេះដែរសង្កេតឃើញនៅតាមអមសងខាងផ្លូវនីមួយៗមានការដាក់សំរាមគរនៅលើគម្របលូ និងធុងសំរាមពេញហូហៀរ ព្រមទាំងគ្រឿងសម្ភារៈសំណង់ដូចជា ឥត គ្រោះ ខ្សាច់ជាដើមដាក់នៅលើចិញ្ចើមផ្លូវរាយប៉ាយ ។ទាំងនេះហើយនៅពេលភ្លៀងធ្លាក់ម្ដងៗនឹងអាចហូរច្រោះបិតមាត់លូ ឬក៏អាចហូរចូលក្នុងប្រព័ន្ធលូបង្កឲ្យស្ទះ ទឹកហូមិនទាន់ជាដើម ។ហើយម្យ៉ាងវិញទៀត រថយន្តធុនធំដឹកទំនិញផ្សេងៗ ពិសេសដឹកសម្ភារៈគ្រឿងសំណង់តែម្តង ដឹកជញ្ជូនយ៉ាងសកម្ម ក្នុងខណៈកំពុងភ្លៀងធ្លាក់ក៏ដូចជាក្រោយភ្លៀងធ្លាក់មានទឹកជន់លិច ទាំងនេះអាចនឹងបង្កឲ្យខូចខាតផ្លូវសាធារណៈ ព្រោះថាបច្ចុប្បន្ននេះមានផ្លូវមួយចំនួនក៏បានរងការខូចខាតជាអន្លើៗហើយដែរ។ដូច្នេះសូមស្នើឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ពិសេសអាជ្ញាធរតាមសង្កាត់នីមួយៗ មានវិធានការទប់ស្កាត់ទៅលើម៉ូតូរម៉កកង់បីដឹកដែកអូសលើផ្លូវសាធារណៈ និងពិសេសរថយន្តដឹកទំនិញធន់ធំ ដឹកសម្ភារៈធ្ងន់ៗចូលនៅពេលក្រោយ និងខណៈកំពុងភ្លៀងធ្លាក់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវ និងជំរុញដល់ក្រុមហ៊ុនផ្នែកអនាម័យ ដឹកជញ្ជូនសំរាមឲ្យបានទាន់ពេលវេលាជៀសវាងការហៀរហូរធុងសំរាមធ្លាក់ចូលប្រព័ន្ធលូ ព្រមទាំងណែនាំដល់ម្ចាស់ការដ្ឋានសំណង់នានា ទុកដាក់សម្ភារៈដូចជា ឥត គ្រោះ ខ្សាច់ជាដើមឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសការហូរច្រោះចូលប្រព័ន្ធលូនាំឲ្យស្ទះទឹកហូរមិនទាន់ជាដើម។ទន្ទឹមនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសំអាតអនាម័យ បរិស្ថាន កុំបោះចោលសំរាមពាសវាលពាសកាលតាមផ្លូវសាធារណៈ ត្រូវវិចខ្ចប់ដាក់ធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសការហូចូលក្នុងប្រព័ន្ធលូនាំឲ្យស្ទះ ។ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺជាចំណែកមួយ ក្នុងអភិវឌ្ឍន៍ក្រុងរបស់យើងមានសោភ័ណភាពស្រស់ស្អាត ពិសេលលើកមុខមាត់ប្រទេសជាតិយើងទាំងអស់គ្នាផងដែរ៕