(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្រី ថានី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានសរុបចំនួន០៣នាក់ ១–ឈ្មោះ ខាំ សុង ភេទប្រុស អាយុ៤៤ឆ្នាំ,២–ឈ្មោះ ឆន ឆៃលី ភេទប្រុស អាយុ៣៩ឆ្នាំ (ជនសង្ស័យទាំង២នាក់ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត) ,៣–ឈ្មោះទូច ពៅ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមួយគ្នានោះកម្លាំងក៏បានដកហូតវត្ថុតាង ម៉ូតូម៉ាកហុដា PCX ពណ៌ប្រាក់–ខ្មៅ ផលិតឆ្នាំ២០១៨ ចំនួន០១គ្រឿង។បន្ទាប់មកកម្លាំងក៏បាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងយកទៅបញ្ចាំបានលុយយកមកសុីចាយ ព្រមទាំងទិញគ្រឿងញៀនយកមកប្រើប្រាស់ទៀតផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕