ប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តប៉ៃលិន ដែលដឹកនាំដោយព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្ត និងព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពគណៈសង្ឃទូទាំងខេត្ត ក្នុងការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកចម្រើន ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងដឹកនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូលគ្មានជម្លោះសាសនាឡើយ មិនតែប៉ុណ្ណោះសាសនាទាំងអស់ ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនមានជម្លោះសាសនាអ្វីនោះឡើយ ដែលនេះដោយសារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេរីភាពពេញលេញចំពោះវិស័យសាសនា ជាក់ស្តែងនៅខេត្តប៉ៃលិន មួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាម មានការរីកចម្រើនយ៉ាងខ្លាំងវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្ត និងមានជំនឿ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ក៏ដូចជាគ្រប់សាសនិក គឺត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប ក្នុងការធានាបាននូវសាមគ្គីភាព និងការរីកចំរើនលើគ្រប់សាសនា និងអនុវត្តន៍ឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿ និងសាសនា ហើយត្រូវរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តប៉ៃលិន ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្ត ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន, ចូលរួមលើកស្ទួយវិស័យទេសចរណ៍ នៅតាមវត្តអារ៉ាមសំខាន់ៗ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយនានា ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ។
នៅក្នុងឱកាសនោះផងដែរ ព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តពោធិមារាម ក្នុងនាមមន្ត្រីសង្ឃ និងព្រះសង្ឃទូទាំងខេត្ត បានមានសង្ឃដីការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានមានសធាជ្រះថ្លាចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យព្រះសាសនាក្នុងខេត្ត ហើយធ្វើឱ្យនៅតាមបណ្តាវត្តអារាម មានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ សម្រាប់ពុទ្ធិបរិស័ទគោរពប្រតិបត្តិ ទៅតាមទំនៀមទម្លាប់តាំងពីបុរាណមក៕