(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន គឹមលី(សាម៉ន,ម៉ោន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សាដោចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹម ប៉ែល (សុង ហេង) ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅវេលាកេីតហេតុជនសង្ស័យបានធ្វើសកម្មភាពយកពូថៅដងឈើកាប់ទៅជនរងគ្រោះ(ត្រូវជាពូសាច់ថ្លៃ) បណ្តាលឱ្យរងរបួសចំស្មាខាងស្តាំចំនួន០១កន្លែង ដេរចំនួន០៣ថ្នេដោយសារខឹងជនរងគ្រោះដើរមកដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួន។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យតែម្តងព្រមទាំងចាប់យកវត្ថុតាង ពូថៅដងឈើ ប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម, ដែកក្រង៉ាវ ប្រហែវ៣៧សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកមូលដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន។
ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕