ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញពិ​និត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្ម​ណី​យ​ដ្ឋាន​ធម្ម​ជាតិទឹក​ធ្លាក់ភ្នំ​ខៀវ​អូរតាវ៉ៅ ដើម្បីផ្តល់សេវា និង​ភាពទាក់ទាញ ដល់ភ្ញៀវទេ​សចរណ៍

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អម​ដំ​ណើរ​ដោយ​ក្រុមការងារ នារសៀ​ល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បាន​អញ្ជើញពិនិត្យមើ​លការរៀបចំ​សណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅ​រម​ណីយ​ដ្ឋានធម្មជាតិទឹកធ្លា​ក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រម​ទាំង​គ្រោង​ដាំដើ​មផ្កាក្ងោកបន្ថែម​នៅអមសងខាងផ្លូវចូលផងដែរ ដើម្បីផ្តល់សេវា និង​ភាព​ទាក់​ទាញ សម្រាប់ភ្ញៀវទេ​សចរណ៍ជាតិ-​អន្តរជាតិ មកកំសាន្ត អោយបា​នកាន់តែច្រើនឡើង ដែលជា​កត្តា​ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិទី៧ ក្រោម​ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបន្តខិតខំប្រឹង​ប្រែងដោះស្រា​យនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានបន្តកា​រកសាងអភិវឌ្ឍន៍​ប្រទេសជាតិឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង​ហេដ្ឋារចនាសម័ន្ធរូប​វ័ននា​នាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បាន​ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំប​ន់រមណីយដ្ឋានទេ​សចរណ៍​នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុង​ខេត្តប៉ៃលិន​យើង ឱ្យបានកាន់តែច្រើនឡើង ដែលជាចលករចូលរួមចំណែក​ក្នុងការជំរុញកំណើ​នសេដ្ឋកិច្ចជីវភា​ពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង

លោកជំទាវអ​ភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យ​ទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូ​លដ្ឋាន រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើក​ញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកប​ដោយ​សុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅ​លើទឹកដីដ៏តូចច្រឡឹង​នៃខេត្ត​ត្បូងពេជ្រ មួយនេះ។

ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអា​តអនា​ម័យ​បរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យ​បានត្រឹមត្រូវ​តាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោ​ភ័ណ​ភាព និងអនាម័យសាធារណៈ ដោយឡែកបងប្អូនអាជីវករដែលលក់ដូរម្ហូបអាហារ នៅតាមរមណីយ​ដ្ឋាន​នានា ត្រូវមានអនាម័យ និងតម្លៃសមរម្យ ដើម្បីទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍​ជាតិ-​អន្តរ​ជាតិ មកកំសាន្ត អោយបានកាន់តែច្រើន ។

សូមបញ្ជា​ក់ថា៖ រមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេ​ត្ត​ប៉ៃលិន ដែលមានទឹកធ្លាក់​រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញា​ធរខេត្ត បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកា​ន់រមណីយ​ដ្ឋាន​ទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួល​ដល់ការធ្វើដំណើររបស់ភ្ញៀវទេ​សចរណ៍​ជាតិ-​អន្តរជាតិ មកលេងកំសាន្ត៕

Leave a Reply

Your email address will not be published.