ពិធីចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១
ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ សម្រាប់សិស្សានុសិស្សនៃសាលាបញ្ញាសាស្រ្ដអន្តរជាតិ ។
រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងចំណោមសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ទូទាំងខេត្តបាត់ដំបងទាំងអស់ ក្នុងនោះ សិស្សានុសិស្សមកពីសាលាបញ្ញាសាស្រ្ដអន្តរជាតិ បានប្រឡងជាប់ចំនួន៥៩នាក់ ក្នុងនោះសិស្សនិទ្ទេសAចំនួន១១នាក់,សិស្សនិទ្ទេសB ចំនួន១០នាក់,សិស្សនិទ្ទេសCចំនួន៧នាក់,សិស្សនិទ្ទេសDចំនួន១៥នាក់ ,សិស្សនិទ្ទេសEចំនួន១៦នាក់។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ អបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាគឺជាជំហានដំបូងនៃការជោគជ័យក្នុងជីវិតសិក្សា ។ ឯកឧត្តម បានបន្តទៀតថា ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងដោយការខិតខំរៀនសូត្រកន្លងមក ហើយមួយចំណែកទៀតដែលធ្វើឲ្យសិស្សានុសិស្សទាំងអស់បានទទួលជោគជ័យគឺ មាតាបិតា និងលោកគ្រូ អ្នកគ្រូ ដែលលោកទាំងអស់គ្នាខិតខំខ្លាំងណាស់ ប្រកបមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់គ្រួសារ អាចឲ្យកូនៗបានសិក្សារៀនសូត្របាន ហើយលោកគ្រូអ្នកគ្រូ បានខិតខំបង្រៀន និងស្វែងរកវិធីសាស្រ្ដគ្រប់បែបយ៉ាង ដើម្បីឲ្យសិស្សបានយល់ បានដឹងផងដែរ៕